BTS ក្លាយជាក្រុមចម្រៀងមានអ្នកចូលមើលច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ YouTube វ៉ាដាច់តារាចម្រៀង Justin Bieber
13-08-2022 11:28
(កូរ៉េ)៖ ក្រុមចម្រៀងបុរសល្បីឈ្មោះរបស់កូរ៉េខាងត្បូង BTS ត្រូវបានរាយការណ៍មកថា បានក្លាយជាសិល្បករដែលមានចំនួនអ្នកចូលមើលច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ YouTube ឈរនៅលើគេ តាមពីក្រោយតារាចម្រៀង Justin Bieber និង Ed Sheeran។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។
នៅថ្ងៃទី១៣ ខែសីហា BTS បានក្លាយជាសិល្បករ ដែលមានអ្នកចូលមើលច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ YouTube ដោយទទួលបានចំនួនមើលជាង ២៦.៧ ពាន់លានដងនៅគ្រប់ប៉ុស្តិ៍ផ្លូវការរបស់ពួកគេ។ ចំនួននេះរួមបញ្ចូលវីដេអូតន្ត្រី និងវីដេអូហាត់រាំទាំងអស់។ បន្ទាប់ពី BTS ឈរនៅលេខរៀងទី១ គឺ Justin Bieber និង Ed Sheeran ឥឡូវនេះកាន់កំណត់ត្រា សម្រាប់ការទស្សនាខ្ពស់បំផុតទីពីរ និងទីបី ដែលមានអ្នកចូលមើលច្រើនជាង២៦ពាន់លានដង។
គួរជម្រាបថា បច្ចុប្បន្ននេះវីដេអូដែលមានអ្នកចូលមើលច្រើនជាងគេរបស់ BTS គឺជាវីដេអូចម្រៀងរបស់ពួកគេសម្រាប់បទ «Boy With Luv», បទ «Dynamite» និង បទ «DNA» ដែលសុទ្ធតែមានអ្នកចូលមើលជាង ១.៤ ពាន់លានដង៕