(ភ្នំពេញ)៖ ការប្រកួតកីឡាប៊ីយ៉ា និងស្នូកឃ័រដណ្ដើមពានរង្វាន់ LUX98-POOL 9-BALL OPEN 2022 បានបើកការប្រកួតផ្លូវការហើយ នៅព្រឹកថ្ងៃទី១៣ ខែសីហានេះ ដោយមានកីឡាករ ១៦រូបមកពី ៥ជាតិសាសន៍ចូលរួមប្រកួត។

ពិធីបើកការប្រកួតនេះ ធ្វើឡើងក្រោមវត្តមានលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា។

លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានបញ្ជាក់ថា នេះគឺជាការប្រកួតមួយដ៏ធំ ដែលសហព័ន្ធបានសហការជាមួយក្លិប LUX98 រៀបចំព្រឹត្តិការណ៍ខាងលើឡើង ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន ពិសេសពង្រឹង និងស្វែងរកធនធានកីឡាករឆ្នើមលើវិញ្ញាសា POOL 9-BALL ដែលជាវិញ្ញាសាត្រៀមស៊ីហ្គេមនៅកម្ពុជាតែម្ដង។

លោកថា ការប្រកួតនេះមានកីឡាករ ១៦រូបចូលរួម សុទ្ធតែជាកីឡាករជើងខ្លាំង ក្នុងនោះមានកីឡាករបរទេស ៤រូបមកពីវៀតណាម ហ្វីលីពីន ចិន និងបារាំង រួមជាមួយកីឡាករកម្ពុជា ១២រូប។ តាមរយៈនេះ លោកសង្ឃឹមថា កីឡាករទាំងអស់ ពិសេសកីឡាករកម្ពុជា នឹងខិតខំប្រឹងឲ្យអស់ពីសមត្ថភាព និងបច្ចេកទេសដែលខ្លួនមាន ដើម្បីដណ្ដើមជយលាភីផង និងមានឱកាសចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ផង។

ឆ្លៀតឱកាសនោះ លោក អ៊ុក សិទ្ធិជាតិ បានកោតសរសើរសហព័ន្ធ ដែលខិតខំខ្នះខ្នែងរៀបចំព្រឹត្តិការណ៍នានា ក្រោមកិច្ចសហការជាមួយក្លិបសមាជិករបស់ខ្លួន ដើម្បីសម្រិតសម្រាំងរកធនធានកីឡាករល្អៗ ត្រៀមស៊ីហ្គេមជាប្រវត្តិសាស្ដ្រនៅកម្ពុជា។ លើសពីនេះលោកក៏បានផ្ដល់អនុសាសន៍ដល់សហព័ន្ធ ក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ ត្រូវមានសម្ភារៈ ឧបករណ៍ រួមទាំងធនធានមនុស្ស ទាំងមន្ដ្រី និងកីឡាករឆ្នើមៗ ដើម្បីធានាបាននូវជោគជ័យនាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។

គួរបញ្ជាក់ថា ពានរង្វាន់ LUX98-POOL 9-BALL OPEN 2022 ធ្វើឡើង ២ថ្ងៃ នាថ្ងៃទី១៣-១៤ ខែសីហានេះ នៅក្លិប LUX98 ខណៈកញ្ញា ហេង ចាង តំណាងក្លិបនេះ បានសម្ដែងនូវសេចក្ដីរីករាយជាខ្លាំង ដែលបានរួមចំណែកជាមួយសហព័ន្ធរៀបចំព្រឹត្តិការណ៍នេះឡើង និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕