(ម៉ាទ្រីដ)៖ ក្លិប FC Barcelona បានអះអាងថា ពួកគេបានបន្តកិច្ចសន្យាថ្មី ដល់ខ្សែបម្រើ Nico Gonzalez និងបញ្ជូនលេងខ្ចីជើងកីឡាកររូបនេះ ទៅលេងនៅក្លិប Valencia សម្រាប់រដូវក្តៅនេះ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។

កីឡាករវ័យ ២០ឆ្នាំរូបនេះបានចុះហត្ថលេខា លើកិច្ចសន្យាបន្តលេងរយៈពេល ៣ឆ្នាំ ពោលគឺរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៦។ កិច្ចសន្យានេះ ក៏បញ្ជាក់ពីការបញ្ជូនលេងខ្ចីជើងរូបលោកទៅកាន់ក្លិបរួមលីគ Valencia សម្រាប់យុទ្ធនាការថ្មីផងដែរ។

Gonzalez បានបង្ហាញខ្លួនក្នុងក្រុមជម្រើសដំបូងចំនួន ៣៧ប្រកួត សម្រាប់ក្លិប Barca បន្ទាប់ពីត្រូវបានដំឡើងមកពីក្រុមជម្រើសទី២ របស់ក្លិបកាលពីរដូវកាលមុន។

"ខ្ញុំរំពឹងថា នៅពេលដែលគាត់វិលត្រឡប់មកពីលេងខ្ចីជើងវិញ នឹងកាន់តែមានភាពពេញលេញថែមទៀត ក្នុងនាមជាកីឡាករ"។ នេះបើតាមសម្តីគ្រូបង្វឹកក្លិប Barca លោក Xavi Hernandez បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយ មុនការប្រកួតរបស់គាត់៕