(បរទេស)៖ ថ្មីៗនេះប្រភពពីកាសែត Wall Street Journal បានរាយការណ៍ថា YouTube ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Alphabet Inc គ្រោងនឹងបើកដំណើរការសេវាកម្មវីដេអូ Streaming ដែលទំនងជាចាប់ផ្តើមនៅខែអំឡុងខែកញ្ញាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។

យោងតាមមនុស្សដែលជិតស្និតនឹង YouTube បានឱ្យដឹងថា ក្រុមហ៊ុនកំពុងតែបន្តការពិភាក្សាជាថ្មីជាមួយក្រុមហ៊ុនផ្សេងៗអំពីការចូលរួមក្នុង Platform នេះ ដោយក្នុងនោះគេបានបញ្ជាក់ប្រាប់ថាវាជាប្រភេទ «Chanel Store»។ ខណៈដែលគេមិនបានបញ្ជាក់លម្អិតអំពីការចូលរួមរបស់ YouTube នោះទេ។

យ៉ាងណាមិញទាក់ទិនទៅនឹងរបាយការណ៍ខាងលើនេះ ក្រុមហ៊ុនមេ Alphabet មិនបានឆ្លើយតបភា្លមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះឡើយ។

គួរបញ្ជាក់ដែលថា មួយរយៈពេលចុងក្រោយនេះមានអ្នកប្រើប្រាស់កាន់តែច្រើនបានកាត់បន្ថយការប្រើប្រាស់ទូរទស្សន៍ខ្សែកាប ឬផ្កាយរណប ហើយបានប្តូរមកជាវសេវាកម្ម Streaming ជំនួសវិញ។ ដូច្នេះការបើកដំណើរការសេវាកម្ម Streaming របស់ YouTube នឹងអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះអាចចូលរួមជាមួយនឹង Roku Inc និង Apple ក្នុងការដេញថ្លៃដើម្បីទទួលបានចំណែកទីផ្សារ Streaming ដែលមានអ្នកប្រើប្រាស់ជាច្រើននៅក្នុងនោះ ក៏ដូចជាដណ្តើមបានចំណែកទីផ្សារដ៏ធំផងដែរ៕