(អឺរ៉ុប)៖ ក្លិបអង់គ្លេស Tottenham Hot Spur បានសម្រេចបញ្ចេញខ្សែការពារ Giovani Lo Celso ទៅកាន់ក្លិប Villarreal ក្នុងលក្ខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលនៅលីគអេស្ប៉ាញ La Liga 2022-23។

Celso ជាកីឡាករខ្សែការពារសញ្ជាតិអាហ្សង់ទីន វ័យ ២៦ឆ្នាំបានចូលរួមជាមួយក្លិប Spurs កាលឆ្នាំ២០១៩ ផ្ទេរមកពីក្លិប Real Betis ដោយលេងបាន ៨៤ប្រកួតរកបាន ៩គ្រាប់មុនសម្រេចផ្ទេរនៅកាន់ក្លិប Villarreal ដែលជាការផ្ទេរលើកទី២ នៃលក្ខណ្ឌខ្ចីជើង។

រដូវកាលមុន Celso បានលេង ១៦ដងជាមួយក្លិប Villarreal ក្រោមការដឹកនាំដោយលោក Unai Emery ក្នុងលីគ La Liga នឹងសរុបបាន ២២ប្រកួតគ្រប់កម្មវិធីទាំងរបស់ក្លិបដែលរកបាន ១គ្រាប់ ខណៈក្លិបនេះបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រដូវកាលមុន។

រំលឹកផងថា Celso ជាអតីតខ្សែការពាររបស់ក្លិប Paris Saint Germain ដែលលើកពាន Ligue 1 2017-18 នឹងបានឈ្នះពាន Copa America 2021 ជាមួយជម្រើសជាតិអាហ្សង់ទីនផងដែរ៕