(ភ្នំពេញ)៖ នាពេលថ្មីនេះក្រុមហ៊ុនអភិវឌ្ឍសឹង្ហបុរី AKRAM Development Co., Ltd បានទិញយកដីធ្លីជាង៣.៥ហិកតានៅក្នុងតំបន់កោះនរាពី ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) សម្រាប់គម្រោងអភិវឌ្ឍបែបប្រណីតលំដាប់កំពូលរបស់ខ្លួន។

ការចុះហត្ថលេខាលើការទិញលក់ជាផ្លូវការ ក្រោមវត្តមានរបស់លោក Kelvin Chua ជាអគ្គនាយកនៃ AKRAM Development Co., Ltd និង លោក Melvin Poh ដែលជានាយកផ្នែកអភិវឌ្ឍ AKRAM ក្នុងនាមជាតំណាងអ្នកទិញ និងលោកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC ជាតំណាងអ្នកលក់។

ការវិនិយោគដោយក្រុមហ៊ុនវិនិយោគ AKRAM នៅក្នុងគម្រោងនេះត្រូវបានព្យាករណ៍ថា មានទំហំទឹកប្រាក់ច្រើនជាង១៥០លានដុល្លាអាមេរិក។

នៅក្នុងកម្មវិធីចុះហត្ថលេខាជាផ្លូវការនេះផងដែរ អគ្គនាយកAKRAM លោក Kelvin Chua បានថ្លែងថា គោលបំណងនៃការទិញនេះ គឺដើម្បីអភិវឌ្ឍនូវគម្រោងបែបប្រណីតលំដាប់កំពូល ដែលមិនធ្លាប់បានឃើញពីមុនមកនៅកម្ពុជា។

លោកKelvin បានថ្លែងថា «យើងបានមើលឃើញពីការកើនឡើង តម្រូវការនៃគម្រោងបែបប្រណីតលំដាប់កំពូល ក្នុងប្រទេសកម្ពុជា។ កោះនរា គឺជាទីតាំងយុត្តិសាស្ត្រដ៏មុតមាំមួយ ដែលមិនត្រឹមតែស្ថិតនៅជាប់នឹងដងទន្លេមេគង្គប៉ុណ្ណោះទេ តែក៏ស្ថិតនៅកៀកជាមួយនឹងទីតាំងដ៏ពិសិទ្ធ ២ ផ្សេងទៀត គឺទីក្រុងកោះពេជ្រ និងណាហ្គាវើលផងដែរ។ យើងសូមថ្លែងអំណរគុណដល់លោកឧកញ៉ា ពុង ឃាវសែ ដែលមានទំនុកចិត្តលើ AKRAM ឲ្យបានក្លាយជាផ្នែកមួយនៃគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មរបស់ក្រុមហ៊ុន OCIC នៅក្នុងតំបន់កោះនរានេះ។ ដោយកត្តាទីតាំងស្ថិតនៅក្នុងតំបន់សក្ដានុពល ព្រមជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃដងទន្លេមេគង្គ បានធ្វើឲ្យគុណតម្លៃនាពេលអនាគតនៅទីនេះ កាន់តែមានសន្ទុះជាលំដាប់»

លោកបានបន្ថែមថា «ដំណាក់កាលនៃជម្ងឺឆ្លងបានលើកទឹកចិត្តឲ្យប្រជាជនទាំងអស់ឲ្យ កាន់តែយកចិត្តទុកដាក់លើផាសុកភាព និងគុណភាពជីវិត ហើយយើងមានសុទិដ្ឋិនិយមថា ការអភិវឌ្ឍរបស់យើងនឹងនាំមកជូននូវបរិយាកាសដ៏បរិសុទ្ធមួយ សម្រាប់ទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា»

លោក Kelvin គឺជាជនជាតិសឹង្ហបុរី ដែលបានមករស់នៅក្នុងប្រទេសកម្ពុជា ជាច្រើនឆ្នាំមកហើយ។ លោកជាអ្នកជំនាញការក្នុងវិស័យធនាគារដែលបានប្រែខ្លួនជាវិនិយោគគិន ព្រមជាមួយនឹងកំណត់ត្រាគួរជាទីមោទនៈ នៅក្នុងវិស័យសំខាន់ៗដូចជាវិស័យអភិវឌ្ឍអចលនទ្រព្យ វិស័យស្ថាបត្យកម្ម និងសំណង់ និងវិស័យផលិតកម្ម ជាងមួយទស្សវត្ស។ នាពេលបច្ចុប្បន្ននេះលោកក៏ជាអគ្គនាយកនៃក្រុមហ៊ុនសំណង់ SINGBUILD ដែលជាក្រុមហ៊ុនស្ថាបត្យកម្ម និងសំណង់ដ៏ល្បីល្បាញមួយ ដែលមានការិយាល័យកណ្ដាលនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។

លោកអគ្គនាយកបានបង្ហាញមហិច្ឆិតា ក្នុងការធ្វើឲ្យគម្រោងអភិវឌ្ឍបែបប្រណីតលំដាប់កំពូលដំបូងបំផុតរបស់ AKRAM ជាគម្រោងដែលកំណត់នូវគុណភាពលំដាប់ខ្ពស់មួយ ដែលនឹងជាការចាប់ផ្ដើមក្នុងដំណើរក្លាយជាអ្នកអភិវឌ្ឍគម្រោង អចលនទ្រព្យបែបប្រណីតដ៏ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនអភិវឌ្ឍ AKRAM គឺជាក្រុមហ៊ុនដៃគូរវាង លោក Kelvin Chua និង លោក Melvin Poh មកពីក្រុមហ៊ុន Centra Group Singapore ដែលមានគម្រោងអភិវឌ្ឍជាច្រើនក្រាស់ក្រែលមានតម្លៃជាង 1.65ពាន់លានដុល្លានៅក្នុងដៃ ហើយអ្នកទាំងពីរក៏មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការរក្សាជំហរដ៏រឹងមាំរបស់ខ្លួននៅក្នុងទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

លោក Melvin ដែលជាអ្នកជំនាញផ្នែកអចលនទ្រព្យលំដាប់ខ្ពស់ និងប្រណីតជាច្រើនឆ្នាំ បានថ្លែងថា «ជាមួយនឹងបទពិសោធន៍ជាង 20 ឆ្នាំនៅក្នុងការអភិវឌ្ឍគម្រោងប្រណីត និងអចលនទ្រព្យលំដាប់ខ្ពស់ ព្រមជាមួយនឹងស្ថាបត្យកម្ម និងភាពច្នៃប្រឌិតដ៏ល្អដាច់គេ យើងជឿជាក់ថាគម្រោងអភិវឌ្ឍនេះនឹងជាផលិតផលដែលឈានមុខគេនៅក្នុងទីផ្សារអចលនទ្រព្យប្រណីតក្នុងតំបន់»

ដីដែលទិញបាននៅកោះនរានេះមានទីតាំង នៅចំកណ្ដាលទីក្រុងភ្នំពេញដែលចំណាយពេលប្រហែលជា ៣នាទីប៉ុណ្ណោះទៅកាន់ទីក្រុងកោះពេជ្យ និង ៥នាទីទៅកាន់ រីសតដ៏សម្បូរបែបណាហ្គាវើល។ ដើម្បីជាការរួមចំណែកនៅក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុន OCIC បានធ្វើការសាងសង់ស្ពានចំនួន២ដែល ស្ពានមួយសម្រាប់តភ្ជាប់ទៅតំបន់កោះពេជ្យ និងមួយទៀតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ ហើយស្ពាននីមួយៗត្រូវចំណាយទុនរហូតដល់៣៨ លានដុល្លាអាមេរិក។

ស្ពានដ៏ធំទូលាយមានដល់ទៅ ៦គន្លងតភ្ជាប់កោះនរាមកកាន់ទីក្រុងកោះពេជ្យត្រូវបានប៉ាន់ស្មានថានឹងបើកដំណើរការនៅក្នុងត្រីមាសទី៣ នៅក្នុងឆ្នាំ ២០២៣ ខណៈដែលស្ពានដែលភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ គ្រោងនឹងបើកឲ្យប្រើប្រាស់នៅក្នុងរយៈពេលប៉ុន្មានខែទៀតនេះ។

លោក Kelvin បានឆ្លើយតបទៅកាន់សំណួរ ដែលបានសាកសួរអំពីទីផ្សារគោលដៅនៃគម្រោងអភិវឌ្ឍនេះយ៉ាងដូច្នេះថា «គម្រោងអភិវឌ្ឍរបស់យើងត្រូវបានរៀបចំឡើង សម្រាប់អ្នកដែលចង់ស្វែងរកប្រណីតភាពឥតខ្ចោះនៅក្នុងជីវិត។ យើងបានធ្វើការរួមបញ្ចូលនូវថាមពល និងចំណេះដឹងនៅក្នុងវិស័យនេះ ដើម្បីធានាជូនថាយើងអភិវឌ្ឍនូវគម្រោងដែលមានប្រសិទ្ធិភាពខ្ពស់ ព្រមជាមួយនឹងការរចនាយ៉ាងពិសេស ពោរពេញដោយឯកជនភាពផងដែរ។ គម្រោងនេះបានសាងសង់ឡើងប្រកបដោយឈរលើគុណភាព ជាចម្បងព្រមជាមួយនឹងទេសភាព ដែលមិនអាចកាត់ថ្លៃបាននៃដងទន្លេមេគង្គ ដែលនេះគឺជាឱកាសសម្រាប់អ្នកវិនិយោគ ដែលចង់ពង្រីកភាពចម្រុះនៃអចលនទ្រព្យក្នុងដៃ ហើយងាកមកចាប់អារម្មណ៍ លើការវិនិយោគបែបប្រណីតលំដាប់កំពូលវិញ»

ខណៈពេលដែលមនុស្សជាច្រើន នៅមានមន្ទិលអំពីទស្សនវិស័យនៃសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ទាំងលោក Kelvin និង Melvin នៅតែមានជំនឿជាក់យ៉ាងខ្លាំងថានេះ គឺជាការវិនិយោគដ៏ល្អបំផុត។ លោក Chua បានថ្លែងថា «ពួកយើងពិតជាមានសុទិដ្ឋិនិយមយ៉ាងខ្លាំង ចំពោះទីផ្សារ និងឱកាសនៅប្រទេសកម្ពុជា។ ប្រទេសកម្ពុជាមានការវិវឌ្ឍដ៏គួរឲ្យស្ញប់ស្ញែង ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបជាមធ្យម ៧% ក្នុងរយៈពេល២ ទស្សវត្សន៍ចុងក្រោយនេះ។ រាជរដ្ឋាភិបាលបានធ្វើជាគម្រូ ក្នុងការទាក់ទាញនូវវិនិយោគគិនបរទេសមកក្នុងប្រទេស ដែលជាលទ្ធផលការវិនិយោគផ្ទាល់ពីបរទេស បានរួមចំណែកនៅក្នុងលំហូរចំណូលផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជារហូតដល់១៤% ទោះបីជាស្ថិតនៅក្នុងស្ថានភាពជម្ងឺឆ្លងដ៏អាក្រក់បំផុតនៅក្នុងឆ្នាំ ២០២០ ក្ដី បើធៀបទៅនឹងការរួមចំណែកត្រឹមតែ ៣.២% ការពី ២ទស្សវត្សន៍មុន»

លោកKelvin បានពន្យល់បន្ថែមថា «ការឆ្លើយតបទៅនឹងជម្ងឺឆ្លងកូវីដ 19 របស់រាជរដ្ឋាភិបាលនៃព្រះជាណាចក្រកម្ពុជាសាកសមជាឧទាហរណ៍មួយនៃប្រសិទ្ធភាព និងស្ថេរភាពរបស់រាជរដ្ឋាភិបាល និងគោលនយោបាយបើកទូលាយចំពោះការវិនិយោគពីបរទេស មិនប្លែកទេដែលធនាគារពិភពលោកបានធ្វើការព្យាករណ៍អំពីសេដ្ឋកិច្ចកម្ពុជាថា នឹងមានកំណើនរហូតដល់៤.៥% នៅក្នុងឆ្នាំ ២០២២នេះ»

ធនាគារពិភពលោកបានធ្វើការព្យាករណ៍អំពីការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងមានកំណើនប្រហែល 6%ក្នុងមួយឆ្នាំ បន្ទាប់ពីស្ថានភាពជម្ងឺកូវីដ19 បានបញ្ចប់ ជាមួយនឹងរបាយការណ៍ដែលបានបង្ហាញអំពីកំណើននៃច្បាប់ថ្មីសម្រាប់ការវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

Focus Economics បានចាត់ថ្នាក់ប្រទេសកម្ពុជាថា ជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័សបំផុតលេខ៥ នៅលើពិភពលោក បើធៀបទៅនឹងប្រទេសជាង ១៣០ ផ្សេងទៀតដែលមានការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័ស ត្រូវបានយកមកសិក្សានៅក្នុងរបាយការណ៍ជាមួយគ្នានេះចាប់តាំងពីឆ្នាំ ២០២១ ដល់ ២០២៥។

ការទិញយកនូវអចលនទ្រព្យដ៏ពោរពេញដោយសក្ដានុពលមួយ ហាក់មិនទាន់គ្រប់គ្រាន់សម្រាប់សហគ្រិនវ័យ ៣៥ ឆ្នាំមួយរូបនេះនៅឡើយទេ ដោយលោកមានទស្សនវិស័យក្នុងការជម្រុញឲ្យក្រុមហ៊ុន AKRAM ធ្វើការអភិវឌ្ឍនូវគម្រោងដែលពោរពេញ ដោយសក្ដានុពលនៅលើដីនេះ។

លោកបានសង្កត់ធ្ងន់ថា «ទីតាំងគឺជាកត្តាសំខាន់មួយសម្រាប់ទីផ្សារ នៃការអភិវឌ្ឍអចលនទ្រព្យបែបប្រណីត ហើយយើងមានក្ដីសោមនស្សរីករាយជាខ្លាំង ក្នុងការទិញយកបាននូវទីតាំងដីនេះពីលោកឧកញ៉ា ពុង ឃាវសែ។ ការទិញយកដីមួយកន្លែងនេះ ប្រាកដជាមិនអាចធ្វើបាននោះទេ ប្រសិនបើមិនមានការគាំទ្រ និងទុកចិត្តរបស់លោកនៅក្នុងគម្រោងរបស់យើង។ យើងមានភាពរីករាយដែលបានក្លាយជាផ្នែកមួយ នៃចក្ខុវិស័យរបស់លោកនៅក្នុងការអភិវឌ្ឍកោះនរា និងមានក្ដីសង្ឃឹមយ៉ាងមុតមាំថាទីតាំង ដ៏មានសក្ដានុពលមួយនេះ និងក្លាយជាចំណុចទាក់ទាញបំផុតមួយនៃគម្រោងរបស់យើង»

លោក Kelvin បានថ្លែងថា «ការិយាល័យលក់ និងយូនីតគម្រូនឹងត្រូវបានបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៣។ ខណៈដែលយើងបាននិងកំពុងធ្វើការអភិវឌ្ឍបន្ថែមទៀតឥតឈប់ឈរ យើងនឹងអាចប្រកាសប្រាប់លោកអ្នកអំពីទីតាំងការិយាល័យលក់ និងព័ត៌មានលម្អិតគម្រោងនាពេលឆាប់ៗខាងមុខនេះ»