(ភ្នំពេញ)៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) បានចុះ ហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយ eCloudvalley ដែលជាដៃគូប្រឹក្សាដ៏គួរឱ្យទុកចិត្តរបស់ក្រុមហ៊ុន Amazon Web Services (AWS) ដើម្បីផ្ដល់សេវា និងពង្រីកជំនាញសេវាកម្មក្លោដ (cloud) នៅក្នុងកម្ពុជា។

កិច្ចព្រមព្រៀងភាពជាដៃគូនេះបានប្រារព្ធឡើងក្រោមអធិបតីភាពអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនរ៉ូយាល់គ្រុប ជាមួយជាមួយដំណាង eCloudvalley ដែលជាដៃគូប្រឹក្សាយោបល់របស់ក្រុមហ៊ុន Amazon Web Services (AWS) ដែលជាទំរង់វេទិកា cloud ដ៏ទូលំទូលាយ និងមានការប្រើប្រាស់ច្រើនបំផុត មួយនៅលើពិភពលោក។ កិច្ចព្រមព្រៀងនេះបានរៀបចំនៅការិយាល័យរបស់ក្រុមហ៊ុន Amazon Web Services ក្នុងប្រទេសសិង្ហបុរី។

ភាពជាដៃគូនេះត្រូវបានរំពឹងថា នឹងជំរុញការវិវត្តន៍នៃផ្នែកឌីជីថលឱ្យកាន់តែជឿនលឿនជាងមុនសម្រាប់កម្ពុជា តាមរយៈការផ្តល់ជូនអ្នកប្រឹក្សាក្នុងស្រុក ដែលមានជំនាញលំដាប់អន្តរជាតិ សម្រាប់ផ្តល់សេវាកម្មប្រឹក្សាយោបល់ និងដំណោះស្រាយពាក់ព័ន្ធនឹង cloud បានភ្លាមៗទៅតាមចំនួន និងតម្រូវការជាក់ស្ដែងជូន អ្នកប្រើប្រាស់ក៏ដូចជាសាជីវកម្ម និងក្រុមហ៊ុនដែលផ្ដល់សេវាបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICT)នៅកម្ពុជា។

តាមរយៈជំនាញ និងបទពិសោធន៍ទាំងនេះត្រូវបានរំពឹងថានឹងងបង្កើនជាអតិបរមានូវប្រសិទ្ធភាពលើការចំណាយ កាត់បន្ថយពេលវេលាឆ្លើយតបធ្វើឱ្យប្រសើរឡើងនូវ ចំណេះជំនាញផ្នែកឌីជីថលនៅក្នុងស្រុក ក៏ដូចជាជួយលើកកម្ពស់តួនាទីរបស់កម្ពុជាឱ្យក្លាយជាប្រទេសដែលមានសក្តានុពលផ្នែក «បច្ចេកវិទ្យា និងឌីជីថល»

ថ្លែងក្នុងពិធីចុះហត្ថលេខានេះ អ្នកឧកញ៉ា គិត ម៉េង បានឱ្យដឹងថា នេះគឺជាព្រឹត្តិការដ៏សំខាន់មួយទៀតសម្រាប់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងវិស័យ ICT នៅកម្ពុជា។ ការចាប់ដៃគូជាមួយ eCloudvalley ដែលជាដៃគូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកដំបូងរបស់ក្រុមហ៊ុន Amazon Web Services និងការនាំយកជំនាញនេះមក បណ្តុះបណ្តាល ធនធានមនុស្សនៅកម្ពុជា សបញ្ជាក់ឱ្យឃើញពីបេសកម្មរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជួយពន្លឿនវឌ្ឍនភាពឌីជីថលឱ្យកាន់ឆាប់រហ័សនៅកម្ពុជា និងបង្ហាញ ពិភពលោកថា កម្ពុជាក៏មានធនធាន និងឧបករណ៍ឌីជីថលដែលអាចដាក់ កម្ពុជាចូលទៅក្នុងផែនទីឌីជីថល ស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រោម ការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។

តាមរយៈ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល កម្ពុជាឆ្នាំ២០២១-២០៣៥ របស់រាជរដ្ឋាភិបាលបានផ្តោតជាសំខាន់ទៅលើមធ្យោបាយដែលវិស័យឌីជីថល អាចផ្តល់នូវគំរូថ្មីដល់កំណើន សេដ្ឋកិច្ច សម្រាប់ប្រទេសកម្ពុជា។ ប្រទេសកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យរបស់ខ្លួនក្នុងក្របខណ្ឌមួយដែលមាន ចំណងជើងថា កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់់តួអង្គសង្គម ទាំងរដ្ឋ ទាំងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី។

eCloudvalley គឺជាដៃគូប្រឹក្សាយោបល់ដំបូងគេបង្អស់របស់ក្រុមហ៊ុន AWS នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមានវត្តមាននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជានៅក្នុង ប្រទេសសិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ ឥណ្ឌូនេស៊ី វៀតណាម ក្រុងហុងកុង និងប្រទេសចិន។ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនស្រាវជ្រាវ និងផ្តល់ប្រឹក្សា Gartner បានដាក់ឈ្មោះ eCloudvalley ថាជាស្ថាប័នមួយក្នុងចំណោមក្រុមហ៊ុន១៦ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលផ្តល់សេវា cloud សាធារណៈ (Asia Pacific Representative Vendors of Public Cloud MSP) ហើយត្រូវបាន ChannelE2E ដែលជាក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យា ដ៏ល្បីល្បាញមួយដែរ បានដាក់ចំណាត់ថ្នាក់ជូនលេខ៦ ក្នុងចំណោមស្ថាប័នផ្ដល់សេវា កំពូលទាំង ១០០ក្នុងពិភពលោក។

នៅឆ្នាំ២០២២ eCloudvalley បានឈ្នះពានរង្វាន់ជាច្រើននៅក្នុងទីផ្សារអាស៊ី រួមមាន ពានរង្វាន់ដៃគូឯកទេស AWS ប្រចាំឆ្នាំនៅអាស៊ាន, ដៃគូសេវាកម្ម AWS ប្រចាំឆ្នាំ នៅអាស៊ាន, ដៃគូ AWS ប្រចាំឆ្នាំនៅម៉ាឡេស៊ី, ដៃគូ AWS ប្រចាំឆ្នាំនៅ ហ្វីលីពីន, ដៃគូAWS ប្រចាំឆ្នាំនៅទីក្រុង ហុងកុង។

លោក MP Tsai នាយកប្រតិបត្តិ eCloudvalley បានឱ្យដឹងដែរថា ភាពជាដៃគូជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បង្ហាញថា eCloudvalley នឹងបន្តរក្សាការសន្យា សម្រាប់ការ ពន្លឿនការផ្លាស់ប្តូរឌីជីថលនៅទូទាំងពិភពលោក។ ការដែលមានក្រុមការងារក្នុងស្រុកដែលទទួលបានការគាំទ្រពីក្រុមការងារអន្តរជាតិ សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ចំពោះអតិថិជន។

eCloudvalley មានកិត្តិយសក្នុងការសហការជាមួយរ៉ូយ៉ាល់គ្រុបដែលជាក្រុមហ៊ុន ដែលមានកិត្យានុភាពបំផុតនៅកម្ពុជា ដើម្បីពន្លឿនការផ្លាស់ប្តូរនៃវិស័យឌីជីថលក្នុង ប្រទេសនេះ។ eCloudvalley នឹងផ្តល់ការបណ្តុះ បណ្តាល ដើម្បីបង្កើតក្រុមបច្ចេកទេសដល់បុគ្គលិកជំនាញ ក៏ដូចជា ចែករំលែកបទពិសោធន៍ cloud សកល ជាមួយទីផ្សារ ក្នុងស្រុកផងដែរ។ ដោយរួមគ្នាជាមួ រ៉ូយ៉ាល់គ្រុប ជឿជាក់ថា សេវា cloud នឹងក្លាយជាកម្លាំងរុញច្រាន ការពន្លឿន ការផ្លាស់ប្តូរវិស័យឌីជីថលក្នុងប្រទេសកម្ពុជា។

ការទទួលយកសេវា cloud នៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័សដែលមិនធ្លាប់មានពីមុនមក។ និន្នាការនេះត្រូវបានគេរំពឹងថា នឹងបង្កើនល្បឿន និង ធានាដល់ការជួយអតិថិជនឱ្យដើរឱ្យទាន់ការវិវឌ្ឍ ចុងក្រោយនៃបច្ចេកវិទ្យានេះ។ ការសហការនេះធ្វើឡើងចំពេលវេលាល្អ ដើម្បីកសាងសមត្ថភាពផ្នែក cloud នៅកម្ពុជា។ វាក៏នឹងដើរតួនាទីយ៉ាងសកម្មជាកន្លែងបំពាក់បំប៉នជំនាញ តាមរយៈ ការបង្កើតសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងការអនុវត្តល្អបំផុត ដែលក្រុមហ៊ុនអាជីវកម្មអាចប្រើ ប្រាស់បានដើម្បីអភិវឌ្ឍខ្លួន និងត្រៀមខ្លួនសម្រាប់ថ្ងៃអនាគត។

លោក MP Tsai បានបន្ថែមថា ការផ្តល់ជូនសេវាកម្មពីការសហការនេះរួមមាន ការផ្ទេរទិន្នន័យទៅរក្សាទុកនៅក្នុង cloud ការបណ្តុះបណ្តាលអំពី cloud ដំណោះ ស្រាយ ផ្នែកទិន្នន័យ អ្នកផ្តល់សេវាជំនាន់ក្រោយ និងភ្លែតហ្វមគ្រប់គ្រង cloud ដោយស្វ័យប្រវត្តិ និងមុខងារជាច្រើនទៀត។

សូមបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនវិនិយោគ ជាយុទ្ធសាស្ត្ររបស់កម្ពុជា នឹងបានទទួលស្គាល់ថាជាក្រុមហ៊ុនពហុផលិតផល ដ៏ធំ និងមានការវិនិយោគ ចម្រុះបំផុត របស់កម្ពុជា។ ក្រុមហ៊ុន រ៉ូយាល់ គ្រុប វិនិយោគ នៅក្នុងឧស្សាហកម្មជាច្រើនរួមមាន៖ ទូរគមនាគមន៍ ការដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍ អចលនទ្រព្យការជួញដូរ និង កសិកម្ម។

ជាច្រកវិនិយោគយុទ្ធសាស្ត្រមួយមកកាន់ប្រទេសកម្ពុជា ដែល មានប្រវត្តិក្នុងការបង្កើត ភាពជាដៃគូឈានមុខគេក្នុងទីផ្សារ ដ៏ជោគជ័យជាមួយអ្នកវិនិយោគក្នុងវិស័យ ឧស្សាហកម្មចម្រុះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ផ្តល់សក្តានុពល វិនិយោគដ៏លើសលប់ នៅក្នុងសេដ្ឋកិច្ចទីផ្សារ សេរីមួយក្នុងចំណោមសេដ្ឋកិច្ច ទីផ្សារសេរី ពិតប្រាកដដំបូង គេនៅក្នុងតំបន់ ទន្លេមេគង្គ៕