(បរទេស)៖ មួយរយ:ក្រោយនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ពិភពលោកហាក់ដូចបានស្គាល់កាន់តែច្បាស់ទាក់ទងសារព័ត៌មាន RT ឬ RT News ដែលភាគច្រើនបានដឹងថា វាជា កម្មសិទ្ធិរបស់ រដ្ឋនៃប្រទេសរុស្ស៊ី។ ដើម្បីកាន់តែច្បាស់ទាក់ទងនឹងសារព័ត៌មានមួយនេះ Fresh News Plus សូមនាំអារម្មណ៍លោកអ្នកទៅតាមដានព័ត៌មានលម្អិតដូចខាងក្រោម។

RT (អតីត Russia Today ឬ Rossiya Segodnya) គឺជាបណ្តាញទូរទស្សន៍ព័ត៌មានអន្តរជាតិដែលគ្រប់គ្រង និងផ្តល់មូលនិធិដោយរដ្ឋាភិបាលរុស្ស៊ី។ បណ្ដាញទូរទស្សន៍មួយនេះមានគោលដៅផ្សាយព័ត៌មាន ទៅកាន់ទស្សនិកជននៅក្រៅប្រទេស (ពីប្រទេសរុស្ស៊ី) ដោយបច្ចុប្បន្នមានភាសារុស្សី អង់គ្លេស អេស្ប៉ាញ បារាំង អាល្លឺម៉ង់ និងអារ៉ាប់។

RT ដំណើរការឡើងនៅឆ្នាំ២០០៥ ក្រោមការគ្រប់គ្រងរបស់ TV-Novosti ដែលជាអង្គការស្វយ័តមិនរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងដោយទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti។ RT ត្រូវបានស្គាល់យ៉ាងច្បាស់ថា ជាច្រកផ្សព្វផ្សាយដ៏សំខាន់សម្រាប់រដ្ឋាភិបាលរុស្ស៊ី និងជាគោលនយោបាយការបរទេសរបស់រដ្ឋរុស្ស៊ី។

បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីឆ្នាំ២០២២ លើអ៊ុយក្រែន បណ្ដាប្រទេសមួយចំនួននៅលើពិភពលោក បានហាមឃាត់ការផ្សាយរបស់ទូរទស្សន៍ RT ដោយក្នុងនោះ Microsoft, Google និង Apple បានដកកម្មវិធី RT ចេញពី Store របស់ខ្លួន ដែលជាផ្នែកមួយនៃការចូលរួមដាក់ទណ្ឌកម្មដល់ប្រទេសរុស្ស៊ី។

ទូរទស្សន៍ RT ត្រូវបានគេដឹងថា បានចំណាយថវិកាប្រមាណ ៣០លានដុល្លារអាមេរិកក្នុងការបង្កើតឡើង និងសម្រាប់ទ្រទ្រង់ប្រតិបត្តិការនៅឆ្នាំដំបូង ដោយក្នុងនោះមាន ៥០ភាគរយជាមូលនិធិបានមកពីរដ្ឋាភិបាលរុស្ស៊ី និងពាក់កណ្ដាលទៀតបានមកពីធនាគារពាណិជ្ជដែលមានប្រតិបត្តិការក្នុងស្រុក ដែលគាំទ្រវិមានក្រឹមឡាំង។

នៅឆ្នាំ២០០៧ ការចំណាយបានឡើងរហូតដល់៨០លានដុល្លារអាមេរិក និងបានបន្តកើនឡើងរហូតដល់៣៨០លានដុល្លារអាមេរិក នៅឆ្នាំ២០១១ ប៉ុន្តែនៅឆ្នាំ២០១២ បានធ្លាក់ចុះមកនៅត្រឹម៣០០លានដុល្លារអាមេរិកវិញ ហើយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ ប្រធានាតិបតីរុស្ស៊ីលោកពូទីនបានប្រកាសហាមឃាត់ការកាត់បន្ថយមូលនិធិ RT។

មូលហេតុដែលការចំណាលរបស់ RT ចេះតែកើនឡើងនោះ ដោយសារតែត្រូវបង់ថ្លៃតបណ្ដាញ និងដៃគូសហការជាមួយនឹងបណ្ដាញទូរគមនាគមន៍ នៅក្រៅប្រទេសក្នុងការទទួលបានសិទ្ធិផ្សព្វផ្សាយលើបណ្ដាញទូរទស្សន៍នៅក្នុងប្រទេសនីមួយៗ ដែលការចំណាយជាមធ្យមប្រមាណ២៦០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

យោងតាមឯកសារផ្លូវការមួយបានបញ្ជាក់ឱ្យដឹងថា នៅឆ្នាំ២០១៤ សារព័ត៌មាន RT ទទួលបានមូលនិធិប្រមាណ៣១០លានដុល្លារអាមេរិកពីរដ្ឋាភិបាលរុស្ស៊ី និងនៅឆ្នាំ២០១៥ ទទួលបាន ៤០០លានដុល្លារអាមេរិក (ច្រើនជាងខ្ទង់ចំណាយរបស់ BBC ដែលមានត្រឹមតែ៣៧០លានដុល្លារអាមេរិក)៕