(ភ្នំពេញ)៖ ការប្រកួតកីឡាប៊ីយ៉ាដណ្ដើមពានរង្វាន់ LUX98-POOL 9-BALL Open 2022 រដូវកាលទី១ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតយ៉ាងស្វិតស្វាញរយៈពេល ២ថ្ងៃ កាលពីថ្ងៃទី១៣-១៤ ខែសីហាកន្លងទៅ ខណៈសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា គ្រោងរៀបចំការប្រកួតផ្សេងៗទៀត ដើម្បីចម្រាញ់កីឡាករឆ្នើមៗ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ។

លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធ បានវាយតម្លៃខ្ពស់ ចំពោះការប្រកួតខាងលើ ដែលបញ្ចប់ដោយជោគជ័យ ហើយចម្រាញ់បានកីឡាករជើងខ្លាំង តាមការចង់បានរបស់សហព័ន្ធ ដោយក្នុងចំណោមកីឡាករជ័យលាភី ៣រូប គឺមាន ២រូបជាកីឡាករកម្ពុជា រួមមានកីឡាករ ងួន តាក់ ដណ្ដើមបានលេខ១ និងកីឡាករ អាលែប ជេ ទទួលបានលេខ៣ ខណៈលេខ២ បានទៅកីឡាករហ្វីលីពីន ALLEN JAY ។

ដើម្បីជំរុញវិស័យកីឡាមួយនេះ ឲ្យកាន់តែរីកចម្រើន ពិសេសវិញ្ញាសា POOL 9-BALL ដែលសហព័ន្ធបានបញ្ចូលក្នុងវិញ្ញាសាប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ សហព័ន្ធបានតាំងចិត្តសហការជាមួយក្លិបសមាជិក រៀបចំការប្រកួតផ្សេងៗទៀត ដើម្បីចម្រាញ់កីឡាករល្អៗ ត្រៀមចូលរួមប្រកួតកីឡាជាតិ នាខែវិច្ឆិកាខាងមុខ ហើយបន្ដសម្រិតសម្រាំងយកកីឡាករឆ្នើមៗ សម្រាប់ចូលរួមប្រកួតអន្ដរជាតិនានា ពិសេសព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ដ្រនៅកម្ពុជានាឆ្នាំក្រោយ ។

សូមបញ្ជាក់ថា ពានរង្វាន់ LUX98-POOL 9-BALL Open 2022 ដែលសហការរៀបចំដោយសហព័ន្ធ និងក្លិប LUX98 គឺមានកីឡាករជើងខ្លាំង ១៦រូប មកពី ៥ជាតិសាសន៍ចូលរួម ដូចជាកម្ពុជា វៀតណាម ហ្វីលីពីន ចិន និងបារាំង ។ ជាលទ្ធផលការប្រកួត គឺកីឡាករ ងួន តាក់ បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះកីឡាករហ្វីលីពីន ALLEN JAY ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៩-៦ពិន្ទុ។ រីឯកីឡាករ អាលែប ជេ ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយប្រកួតកាត់សេចក្ដីយកឈ្នះកីឡាករ Quach Thi ដោយលទ្ធផល ៩-៥ពិន្ទុ៕