(ភ្នំពេញ)៖ កីឡដ្ឋាន KMF Park នៃក្លិបក្របខណ្ឌលីគទី២ ISI ដង្កោសែនជ័យ ត្រៀមនឹងបើកទ្វារស្វាគមន៍ទស្សនិកជនចូលទស្សនាឡើងវិញ នាថ្ងៃទី២១ ខែសីហាចុងសប្ដាហ៍នេះហើយ បន្ទាប់ពីដំណើរការស្ថាបនាឡើងវិញជិតរួចរាល់ ១០០% ។ នេះបើតាមការបញ្ជាក់របស់លោក សៀក សុវណ្ណ អគ្គលេខាធិការក្លិប ។

កីឡដ្ឋានស្ដង់ដារនេះ បានចាប់ផ្ដើមរុះរើ ជួសជុល និងកែលម្អឡើងវិញ កាលពីដើមឆ្នាំ២០២២ កន្លងទៅ ដើម្បីឆ្លើយតបលក្ខខណ្ឌរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀវលីគ ក្នុងការរៀបចំការប្រកួតផ្សេងៗ ពិសេសការប្រកួតក្របខណ្ឌលីគទី២ ដែលក្រុម ISI ដង្កោសែនជ័យ កំពុងចូលរួម ដ្បិតកន្លងមកក្រុមកំពុងឈរលេខរៀងទី៣ នេះ បានខ្ចីកីឡដ្ឋានរបស់ក្រុមផ្សេង ធ្វើជាទឹកដីបណ្ដោះអាសន្នរបស់ខ្លួន ។

លោក សៀក សុវណ្ណ ថា នេះគឺជាគម្រោងបើកសាកល្បងដល់មហាជនអាច បានចូលទស្សនាដំណើរការ សាងសង់កីឡដ្ឋាន ឬហៅថា Soft Opening។ មិនតែប៉ុណ្ណោះ ក៏នឹងមានកម្មវិធីពិសេសៗជាច្រើន រួមទាំងការប្រកួតបាល់ទាត់យុវជន ISI Community Cup U6 ដល់ U14 ដើម្បីបង្ហាញដល់សាធារណៈជន និងអបអរសាទរក្នុងឱកាសបើកទ្វារស្វាគមន៍អ្នកគាំទ្រឡើងវិញ នៅកីឡដ្ឋាន KMH Park នោះផងដែរ ។

គួរដឹងថា ISI ដង្កោសែនជ័យ បានបង្កើតឡើងដំបូង នៅឆ្នាំ២០១៦ ក្នុងនាមក្រុមពាក់កណ្ដាលអាជីព មុនវិវឌ្ឍន៍ខ្លួនជាក្រុមអាជីព នៅឆ្នាំ២០២០ ហើយបានចូលរួមប្រកួតក្របខណ្ឌលីគទី២ កម្ពុជា ។ រដូវកាលដំបូង ក្លិបមានមូលដ្ឋានៅតំបន់វេងស្រេង (សង្កាត់ចោមចៅ) មួយនេះ បានបញ្ចប់ការប្រកួតរបស់ខ្លួន ដោយឈរលេខ៤ និងរដូវកាលឆ្នាំ២០២១ ពួកគេបានបញ្ចប់ត្រឹមតំណែងជើងឯករង ។

ដល់ឆ្នាំ២០២២ ស្របពេលក្លិបមានបំណងធ្វើបច្ចុប្បន្នភាពកីឡដ្ឋានរបស់ខ្លួន ឲ្យស្ដង់ដារ គ្រាដែលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ មានលក្ខខណ្ឌតម្រូវផងនោះ ក្លិបក៏សម្រេចស្ថាបនាកីឡដ្ឋាន KMH Park ឡើងវិញ ទាំងទីលាន និងហេដ្ឋារចនាសម្ព័ន្ធ ដែលនាំឲ្យកីឡដ្ឋាននេះ អាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៣,០០០នាក់ ។ បច្ចុប្បន្នក្រុម ISI ដង្កោសែនជ័យ កំពុងឈរលេខរៀងទី៣ នៃលីគទី២ ដោយមាន ៣២ពិន្ទុស្មើក្រុមកោះកុង តែចាញ់ប្រៀបក្រុមកំពូលតារាងអគ្គិសនីកម្ពុជា ៣ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១៥ប្រកួតឈ្នះ ១០ ស្មើ ២ និងចាញ់ ៣ប្រកួត ៕