(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ល្បីលំដាប់ពិភពលោក H&M បានចុះអនុស្សារណៈនៃការយោគយល់ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដើម្បីបើកសាខាថ្មីបន្ថែមមួយទៀត នៅក្នុងប្រទេសកម្ពុជា ស្ថិតក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលមានទំហំកាន់តែធំដោយគ្រោងនឹងបើកដំណើរការ នៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ។

តាមរយៈពិធីចុះអនុស្សារណៈនៃការយោគយល់ដែលធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ ក្រុមហ៊ុន H&M និងក្រុមហ៊ុន ជីប ម៉ុង រីថែល បានសហការរួមគ្នាដើម្បីនាំយកបទពិសោធន៍នៃការទិញសម្លៀកបំពាក់យ៉ាងល្អឥតខ្ចោះ ដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសយុវវ័យសម័យថ្មីដែលចូលចិត្តម៉ូដសម្លៀកបំពាក់ថ្មីៗ និងមានច្រើនបែបច្រើនយ៉ាង។

លោកស្រី លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានថ្លែងក្នុងពិធី យ៉ាងដូច្នេះថា៖ «អនុស្សារណៈនៃការយោគយល់នាពេលនេះ គឺឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល និងក្រុមហ៊ុន H&M ក្នុងការផ្តល់ជូននូវផលិតផល សេវាកម្ម និងបទពិសោធន៍ល្អឥតខ្ចោះសម្រាប់ប្រជាជនកម្ពុជា។ លើសពីនេះ កិច្ចសហការនេះ ក៏បង្ហាញពីគោលដៅរួមរបស់យើងក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ និងការជំរុញឲ្យមានការបញ្ជាទិញក្នុងស្រុកកាន់តែច្រើន ព្រោះប្រជាជនកម្ពុជាពុំចាំបាច់ធ្វើដំណើរទៅក្រៅប្រទេស ដើម្បីទិញសម្លៀកបំពាក់ម៉ាក H&M ទៀតនោះទេ»

លោកស្រី លី សុខឆេង បានឲ្យដឹងបន្ថែមថា ក្រុមហ៊ុន ជីប ម៉ុង រីថែល ពិតមានមោទកភាពយ៉ាងខ្លាំងចំពោះភាពជាដៃគូជាមួយក្រុមហ៊ុន H&M ។

លោក Philippe Lassaux នាយកក្រុមហ៊ុន H&M បានឲ្យដឹងថា៖ «យើងពិតជារីករាយណាស់ ដែលបានចុះអនុស្សារណៈនៃការយោគយល់នាពេលនេះ ដែលនឹងនាំមកនូវផលប្រយោជន៍ជាច្រើនដល់ក្រុមហ៊ុនទាំងពីរ និងអតិថិជនរបស់យើង។ យើងបានសម្រេច ចិត្ត ចាប់ដៃគូជាមួយ ក្រុមហ៊ុន ជីប ម៉ុង រីថែល ដោយសារទំនុកចិត្តខ្ពស់ទៅលើភាពជាដៃគូមួយនេះ»

បើតាមលោក Philippe Lassaux សាខាថ្មីរបស់ក្រុមហ៊ុន H&M មានទំហំធំរហូតដល់ទៅ ២១០០ ម៉ែត្រការ៉េ និងមានរហូត២ជាន់ ជាមួយនឹងការរចនាយ៉ាងទាក់ទាញដែលគ្រោងនឹងបើកសម្ពោធនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ស្របពេលជាមួយគ្នាទៅនឹងការបើកសម្ពោធសាកល្បង នៃមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល។ ហេតុដូច្នេះ អតិថិជនទាំងអស់សូមកុំភ្លេចរង់ចាំចូលទស្សនាមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅថ្ងៃសម្ពោធខាងមុខនេះ។

ក្រុមហ៊ុន ជីប ម៉ុង រីថែល ជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក ដើម្បីពង្រីកអាជីវកម្មក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា ដែលបានបន្តពង្រីកខ្លួនកាន់តែធំ និងចាក់ឬសកាន់តែជ្រៅទៅក្នុងវិស័យនេះ។ មណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាគម្រោងវិនិយោគធំជាងគេបំផុតរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលនឹងផ្លាស់ប្តូរបទពិសោធន៍នៃការទិញទំនិញរបស់ប្រជាពលរដ្ឋកម្ពុជា។

មានទីតាំងនៅតំបន់ពាណិជ្ជកម្មដ៏មមាញឹកមួយនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ មណ្ឌលផ្សារទំនើបខ្នាតយក្សមួយនេះគឺជា «ពិភពនៃម៉ាកល្បីៗលំដាប់អន្តរជាតិ» ដែលភាគច្រើនជាម៉ាកថ្មីៗផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដើម្បីបម្រើតម្រូវការរបស់អតិថិជនដែលកំពុងកើនឡើង។

ក្រុមហ៊ុន H&M គឺជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ល្បីល្បាញមួយមានទីស្នាក់ការនៅប្រទេសស៊ុយអែត ដែលបច្ចុប្បន្នមានហាងជាង ៤៨០០ នៅទូទាំងពិភពលោក។ ក្រុមហ៊ុន H&M មាន រោងចក្រ ផលិតសម្លៀកបំពាក់ នៅប្រទេសកម្ពុជា ចាប់តាំងពីទសវត្សរ៍ ឆ្នាំ១៩៩០ ក៏ប៉ុន្តែទើបតែឆ្នាំ២០២២ប៉ុណ្ណោះ ដែលក្រុមហ៊ុនបើកហាងនៅប្រទេសកម្ពុជា ដែលនឹងមានផលិតផលសម្លៀកបំពាក់សម្រាប់មនុស្សគ្រប់វ័យ៕