(បរទេស)៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Alphabet Inc ត្រូវបានបញ្ជាឱ្យបង់ប្រាក់ប្រមាណ ៤២.៧លានដុល្លារអាមេរិក ដោយតុលាការសហព័ន្ធរបស់ប្រទេសអូស្រ្តាលី ក្រោមការផាកពិន័យសម្រាប់ការក្លែងបន្លំអ្នកប្រើប្រាស់ក្នុងការប្រមូលទិន្នន័យទីតាំងផ្ទាល់ខ្លួនរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។

យ៉ាងណាមិញទាក់ទិនទៅនឹងបណ្តឹងនេះ ត្រូវបានតុលាការរកឃើញថា Google បានក្លែងបន្លំអតិថិជនមួយចំនួនអំពីទិន្នន័យទីតាំងផ្ទាល់ខ្លួន ដែលត្រូវបានប្រមូលតាមរយៈឧបករណ៍ស្មាតហ្វូន Android របស់ពួកគេនៅចន្លោះខែមករា ឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០១៨។ ខណៈដែលបញ្ហានេះក៏ធ្លាប់បានគណៈកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្រ្តាលី (ACCC) លើកឡើងកាលពីឆ្នាំ ២០២១កន្លងទៅដែរថា ខ្លួនកំពុងស្វែងរកការប្រកាស និងការពិន័យពី Google ចំពោះបញ្ហាមិនច្បាស់លាស់មួយចំនួន។

ដោយឡែកនៅក្នុងការចេញផ្សាយថ្មីនេះ ACCC ក៏បានបញ្ជាក់បន្ថែមដែរថា Google បានបំភាន់អ្នកប្រើប្រាស់ឱ្យជឿលើការកំណត់ប្រវត្តិទីតាំង «location history» នៅលើស្មាតហ្វូន Android របស់ពួកគេ ដែលជាវិធីតែមួយគត់ដែលទិន្នន័យទីតាំងអាចត្រូវបានប្រមូល ខណៈដែលមុខងារដ៏សំខាន់មួយដើម្បីត្រួតពិនិត្យគេហទំព័រ និងសកម្មភាពកម្មវិធីក៏បានអនុញ្ញាតឱ្យប្រមូល និងរក្សាទុកទិន្នន័យមូលដ្ឋានផងដែរ។

ម្យ៉ាងវិញទៀតបើយោងតាមអង្គការឃ្លាំមើលបានឱ្យដឹងថា អ្នកប្រើប្រាស់គណនី Google ប្រមាណ ១.៣លាននាក់ នៅក្នុងប្រទេសអូស្រ្តាលីដែលបានរងផលប៉ះពាល់ ហើយបានចាប់ផ្តើមដំណើរការនីតិវិធីប្រឆាំងនឹងក្រុមហ៊ុន និងអង្គភាពក្នុងស្រុករបស់ខ្លួននៅក្នុងខែតុលា ឆ្នាំ ២០១៩។

គួរបញ្ជាក់ដែរថា ក្នុងករណីនេះមិនត្រឹមតែ Google ប៉ុណ្ណោះទេដែលត្រូវបានជាប់ពាក់ព័ន្ធក្នុងក្នុងចំណាត់ការផ្នែកច្បាប់នៅក្នុងប្រទេសអូស្រ្តាលីកាលពីឆ្នាំមុន សូម្បីតែ Meta Platform ដែលជាក្រុមហ៊ុនមេរបស់ Facebook ក៏កំពុងស្ថិតនៅក្នុងការអនុម័តច្បាប់ឱ្យបង់ប្រាក់នៅលើ Platform សម្រាប់មាតិការរបស់ពួកគេផងដែរ៕