(កូរ៉េ)៖ ក្រុមចម្រៀងនារី ក្រុម «Girls’ Generation» បានរួបរួមគ្នាបញ្ចេញអាល់ប៊ុមទី៧របស់ខ្លួន បន្ទាប់ពីរយៈពេល៥ ឆ្នាំ ដើម្បីអបអរសាទរខួបលើកទី១៥របស់ពួកគេ ខណៈអាល់ប៊ុមនោះមានចំណងជើងថា «Forever 1»។ តែទន្ទឹមនឹងការអបអរ សម្រាប់ការរួបរួមក្រុម អ្នកនិយមលេងអ៊ីនធើណែត បែរជារកឃើញរឿងមិនសមគួរមួយទៅវិញ រហូតដល់អ្នកដឹកនាំ MV បទ «FOREVER 1» ចេញមុខសុំទោសចំពោះកំហុសឆ្គងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Koreaboo នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។

តាមរយៈការបញ្ចេញអាល់ប៊ុមនេះ ក្រុម Girls’ Generation បានថតវីដេអូចម្រៀងថ្មី សម្រាប់បទដែលមានចំណងជើងថា «FOREVER 1» ហើយនឹងបង្ហាញខ្លួនក្នុងកម្មវិធីតន្ត្រីរួមគ្នាជាលើកដំបូង ក្នុងរយៈពេល៥ឆ្នាំ។ វីដេអូចម្រៀង «FOREVER» ពោរពេញទៅដោយការកោតសរសើរ ចំពោះប្រវត្តិ១៥ ឆ្នាំរបស់ Girls' Generation និងការយោងទៅលើអ្វីដែលសមាជិកបានធ្វើ នៅក្នុងសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះ។

នៅក្នុងឈុតឆាកបើកឆាកនៃវីដេអូចម្រៀង សមាជិកទាំងអស់កំពុងឈរនៅលើដង្ហែក្បួនចម្រុះពណ៌ ដែលមានរូបសញ្ញាអបអរខួបលើកទី១៥ របស់ពួកគេនៅពីក្រោយពួកគេ។ រូបសញ្ញានេះទៀតសោត ត្រូវបានគេរកឃើញថា ត្រូវបានលួចចម្លងចេញពីឡូហ្គោខួប១៥ ឆ្នាំរបស់ Tokyo DisneySea នៅអំឡុងឆ្នាំ២០១៦ ដល់២០១៧។ ក្រោយមកអ្នកដឹកនាំវីដេអូចម្រៀង «FOREVER 1» គឺ Shin Hee Won ក៏បានចេញមុខសុំទោស ចំពោះការប្រើប្រាស់ការរចនានេះ ព្រមទាំងសុំទោសសមាជិកក្រុម Girls' Generation ចំពោះការបង្កភាពចម្រូងចម្រាស់។

ស្របគ្នានឹងការទទួលកំហុស លោក Shin Hee Won បានសារភាពថា លោកបានប្រើការរចនាដោយមិនពិនិត្យមើលប្រភព បន្ទាប់ពីរកឃើញការរូបភាពសម្រាប់រចនាជាច្រើន ដើម្បីប្រើសម្រាប់ឡូហ្គោ លោកនឹងទទួលខុសត្រូវសម្រាប់កំហុសនេះ ហើយបានសន្យាថានឹងមានការប្រុងប្រយ័ត្នបន្ថែមទៀត ក្នុងពេលអនាគត ខណ:ផលិតកម្ម SM Entertainment មិនបានចេញសេចក្តីថ្លែងការណ៍ ទាក់ទងនឹងបញ្ហានេះទេ៕