(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានចាប់ផ្តើមកិច្ចសហការដៃគូជាផ្លូវការ ជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីសហការរួមគ្នាក្លាយជាភ្នាក់ងាររួមមួយ ក្នុងការផ្តល់សេវាដកប្រាក់ដូចម៉ាស៊ីនអេធីអឹម ដែលអនុញ្ញាតឲ្យអតិថិជន របស់ធនាគារ ស្ថាបនា អាចដកសាច់ប្រាក់ពីភ្នាក់ងារ ទ្រូម៉ាន់នី ណាមួយក្នុងចំណោមភ្នាក់ងារទ្រូម៉ាន់នីជាង១ម៉ឺនទីតាំងនៅទូទាំងប្រទេស ដែលមានភាពងាយស្រួលដូចទៅនឹងកា រដកប្រាក់ពីម៉ាស៊ីន អេធីអឹម (ATM) ដូច្នេះដែរ។

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិធនាគារ ស្ថាបនា បានថ្លែងថា «នៅធនាគារស្ថាបនា ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការច្នៃប្រឌិត ដើម្បីបន្តបម្រើអតិថិជនកាន់តែល្អប្រសើរឡើង ការប្រែក្លាយរាល់ភ្នាក់ងារ ទ្រូម៉ាន់នី ក្នុងការផ្តល់សេវាដកប្រាក់ឱ្យដូចនឹងម៉ាស៊ីន អេធីអឹម អាចផ្តល់សេវាធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល ដល់អតិថិជនមិនថាពួកគេរស់នៅទីណានោះទេ។ ជាក់ស្តែងណាស់ សេវាធនាគារដ៏ទូលំទូលាយមួយនេះ អនុញ្ញាតឱ្យឪពុកម្តាយផ្ញើប្រាក់ទៅកូនៗនៅទីក្រុង ឬឪពុកដែលធ្វើការនៅទីក្រុងអាចផ្ញើប្រាក់ទៅម្តាយ នៅឯខេត្តបានយ៉ាងងាយស្រួល»

លោកបានបន្ដថា លើសពីនេះខណៈពេលដែលមានម៉ាស៊ីនអេធីអឹម និងបណ្តាញសាខាយ៉ាងទូលំទូលាយទូទាំងប្រទេស ភាពជាដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី នេះនឹងពង្រឹងវិសាលភាព និងផ្តល់ជម្រើសកាន់តែច្រើនបន្ថែមទៀត ដល់អតិថិជន។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្ត នៃក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា «សេវាធនាគារ និងហិរញ្ញវត្ថុដែលក្រុមហ៊ុននានា ផ្តល់ជូនកំពុងមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅកម្ពុជា ហើយតាមរយៈភាពជាដៃគូនេះនឹងអាចរំពឹងថា នឹងធ្វើឱ្យកាន់តែទំនើបបន្ថែមទៀត និងផ្តល់ជូនសេវាកម្មតម្លៃបន្ថែមផ្សេងៗ ដែលនឹងផ្តល់ឱ្យកម្ពុជានូវសេវាកម្មហិរញ្ញវត្ថុ និងទូទាត់ប្រកបដោយប្រសិទ្ធភាព និងរលូន»

ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការនេះ ឱ្យកាន់តែល្អប្រសើរ ធនាគារ ស្ថាបនា និងក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់ជូននូវប្រូម៉ូសិនពិសេស ដោយឥតគិតថ្លៃសេវារយៈពេល៣ខែ ដល់អតិថិជនរបស់ធនាគារ ស្ថាបនា ដែលដកប្រាក់នៅភ្នាក់ងារ ទ្រូម៉ាន់នី ដោយប្រើមុខងារ Human ATM នៅលើកម្មវិធីស្ថាបនា ម៉ូបាល ជាកម្មវិធីទទួលបានពានរង្វាន់ ដ៏មានកិត្យានុភាព។ ប្រាកដណាស់សេវាមួយនេះ នឹងនាំមកនូវសេវាធនាគារប្រចាំថ្ងៃ កាន់តែងាយស្រួលជូន ដល់អតិថិជន និងផ្តល់សេវាដកប្រាក់ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព។

ប្រូម៉ូសិននេះនឹងផ្តល់ជូនអតិថិជនចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះតទៅ ហើយនឹងបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២៕