(ស្វាយរៀង)៖ លោក ទុំ សារាវុធ សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង បានថ្លែងថា កម្មវិធីអប់រំជំនាញវិស្វកម្មអេឡិចត្រូនិក និងស្វ័យប្រវត្តិកម្មធ្វើឡើងដើម្បីឆ្លើយតបតម្រូវការជំនាញជាក់ស្តែង និងអ្នកបច្ចេកទេសវិស្វកម្មរបស់បណ្តាក្រុមហ៊ុនរោងចក្រ នាពេលបច្ចុប្បន្ន និងអនាគត។

ការថ្លែងបែបនេះរបស់លោក ទុំ សារាវុធ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ ក្នុងពិធីប្រកាសបើកដំណើរការជាផ្លូវការជំនាញវិស្វកម្មអេឡិចត្រូនិក និងស្វ័យប្រវត្តិកម្ម នៅសាកលវិទ្យាល័យស្វាយរៀង ដោយមានការចូលរួមពីសាកលវិទ្យាធិការរង ថ្នាក់ដឹកនាំមហាវិទ្យាល័យ ការិយាល័យនៃសាកលវិទ្យាល័យស្វាយរៀង តំណាងពីនាយកដ្ឋានឧត្តមសិក្សា តំណាងពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មន្ទីរពាក់ព័ន្ធ តំណាងពីក្រុមហ៊ុន និងរោងចក្រ តំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង-បាវិត សិស្សានុសិស្សពីវិទ្យាល័យសរុប២៥៦រូប។

លោកបានបន្តថា ដើម្បីចូលរួមចំណែកពង្រឹង និងលើកកម្ពស់សមត្ថភាពធនធានមនុស្សសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ក៏ដូចជាផ្តល់នូវអ្នកបច្ចេកទេសជំនាញវិស្វកម្ម ដើម្បីបំពេញឱ្យតម្រូវការរបស់ក្រុមហ៊ុនរោងចក្រឧស្សាហកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង-បាវិត សាកលវិទ្យាល័យស្វាយរៀង នឹងបើកដំណើរការជំនាញថ្មីចំនួនពីរទៀតគឺជំនាញវិស្វកម្មមេកានិច (Mechanical Engineering) បានដំណើរការនៅឆ្នាំសិក្សា២០២០-២០២១ និងជំនាញវិស្វកម្មអេឡិចត្រូនិច និងស្វ័យប្រវត្តិកម្ម (Electronics and Automation Engineering) ដែលនឹងបើកដំណើរការក្នុងឆ្នាំសិក្សា២០២២-២០២៣។

លោក ទុំ សារាវុធ បានបញ្ជាក់ថា សាកលវិទ្យាល័យស្វាយរៀង ជាគ្រឹះស្ថានឧត្តមសិក្សាមួយដែលមានតួនាទីសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការបណ្តុះបណ្តាល និងផ្គត់ផ្គង់ធនធានមនុស្សដែលមានសមត្ថភាព វិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់ដល់ស្ថាប័នរដ្ឋ និងវិស័យឯកជននានា។

ជាមួយគ្នានេះ លោកបានបន្ថែមថា ការសម្រេចបាននូវកម្មវិធីវិធីសិក្សារវិស្វកម្មអេឡិចត្រូនិច និងស្វ័យប្រវត្តិកម្មប្រកបដោយគុណភាពខ្ពស់បាន គឺទទួលការតាមរយៈការផ្ដល់យោបល់ និងពិភាក្សាជាមួយដៃគូរពាក់ព័ន្ធ ជាពិសេសពីអ្នកជំនាញរៀបចំកម្មវិធីសិក្សាសម្រាប់ឧត្ដមសិក្សាកម្មវិធីសិក្សាជាពិសេសការទទួលបានការគាំទ្រពីកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យ King Mongkut’s University of Technology Thonburi (KMUTT) នៃព្រះរាជាណាចក្រថៃឡង់ដ៍ក្នុងគម្រោងលើកកម្ពស់ការអប់រំឧត្តមសិក្សាក្រោម។

សូមបញ្ជាក់ថា គោលបំណងកម្មវិធីនេះ មានដូចជាការប្រកាសបើកដំណើរការជាផ្លូវការកម្មវិធីសិក្សាវិស្វកម្មអេឡិចត្រូនិច និងស្វ័យប្រវត្តិកម្មនៅសាកលវិទ្យាល័យស្វាយរៀង បង្ហាញពីវឌ្ឍនភាពនៃសាកលវិទ្យាល័យស្វាយរៀង នាពេលបច្ចុប្បន្នលទ្ធផលរំពឹងទុកផងដែរ៕