(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យ ពេជ្រ សោភា ធ្លាប់បានធ្វើកម្មវិធីសប្បុរសធម៌ជាច្រើនមកហើយ ដូចជាសាងសង់សាលារៀននៅតំបន់ដាច់ស្រយ៉ាល, ជីកអណ្ដូងទឹក និងជីកស្រះ ដើម្បីឲ្យពលរដ្ឋបានប្រើ ប្រាស់ទឹកនៅតំបន់ជាប់ព្រំប្រទល់នៃប្រទេសវៀតណាមជាដើម ដែលចំណាយលុយអស់ជាច្រើនម៉ឺនដុល្លារ តែនាងកម្រនឹងឃើញមានការចែកចាយ ឬបង្អួតនៅលើបណ្ដាញសង្គមដូចគេទៅវិញ។ អ្វីដែលគួរឲ្យ កត់សម្គាល់កាលពីពេលថ្មីៗនេះសោភា បែជាលេចមុខនៅកម្មវិធីមួយ ដែលមានឈ្មោះថា «សន្និបាតស្រី្ដគ្រីស្ទានខ្មែរ» ដែលជាកម្មវិធីរបស់ព្រះវិហារជីវិតថ្មីភ្នំពេញ (គ្រីស្ទាន) ស្ថិតនៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ក្រុងភ្នំពេញ។ នៅថ្ងៃនោះគេឃើញ តារាចម្រៀង សោភា បានកាន់ជាមួយព្រះគម្ពីប៊ីប និងបង្ហាញស្នាមញញឹមដែលមើលទៅនាង ហាក់មានក្ដីសុខ ផ្លូវចិត្តខ្លាំងណាស់។

តារាចម្រៀង ពេជ្រ សោភា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា នាងបានធ្វើសកម្មភាពសប្បុរសធម៌ ជួយដល់សង្គមជាច្រើនលើកច្រើនសារមកហើយ តែមិនសូវបង្ហោះសកម្មភាពតាមបណ្ដាញសង្គមនោះទេ។ ការលេចមុខក្នុងការសម្ពោធព្រះគម្ពីរប៊ីប ត្រូវបានតារាចម្រៀងល្បីល្បាញជាង១៧ឆ្នាំ រូបនេះបញ្ជាក់ថា ជីវិតនាងជាគ្រីស្តបរិស័ទ (ប្រូតេស្ដង់) ពោពេញទៅដោយក្ដីស្រឡាញ់ពិតប្រាកដ មិនទាមទារការតបស្នងអ្វីឡើយ។

ពេជ្រ សោភា បន្ថែមថា នាងបង្កើតក្ដីស្រឡាញ់ ព្រោះជាគ្រីស្ទានហើយនឹងជួយអ្នកខ្វះខាតអ្នកក្រ ដោយអត់ចង់បានសំណង។ ដោយសារតែជាគ្រីស្ទាននេះហើយ ទើបក្ដីស្រឡាញ់ល្អ ឬអាក្រក់ និងមានអ្នកខ្លះអ្នកស្អប់នាងជាដើម គឺនាងមិនតបតបនោះទេ។ សោភា ប្រកាន់ទស្សនថា «ទ្រព្យដែលមានតម្លៃបំផុតក្នុងជីវិតម្នាក់ៗ គឺក្ដីស្រឡាញ់»។ ស្ទើរតែជារៀងរាល់ថ្ងៃអាទិត្យ នាងជួបជុំជាមួយគ្រីស្ទបរិស័ទផ្សេងទៀត បម្រើព្រះ ចែករំលែកក្ដីស្រឡាញ់។ នៅពេលដែលធ្វើការអធិដ្ឋានទៅព្រះ យើងនឹងបាននូវអ្វីដែលចង់បាន ហើយទាល់តែគ្រីស្ទាន និងធ្លាប់សាកទើបបានដឹង។

តារាវ័យ៣៩ឆ្នាំរូបនេះសង្កត់ធ្ងន់ថា «សន្ដិភាពផ្លូវចិត្ត អត់ត្រូវតែបង្ហាញអ្វីដែលអស្ចារ្យ មានផ្លូវចិត្តគឺសុខ ព្រោះពួកយើងមានព្រះ ហើយគ្រីស្ទាន (រស់ដើម្បីក្ដីស្រឡាញ់»។ ក្រៅពីជាគ្រីស្ទាននោះ តារាចម្រៀង ពេជ្រ សោភា ថានាងគ្មានតួនាទីអ្វីនៅថ្ងៃសម្ពោធព្រះគម្ពីប៊ីបនោះទេ តែគម្ពីបើកថ្មីនោះ គឺដើម្បីបម្រើព្រះ ដោយក្ដីស្រឡាញ់ស្អាតស្អំ បរិសុទ្ធ។ នាងសង្កត់ ថាសម្រាប់មនុស្សឯកោខ្លាំង ជួបទុក្ខសោកក្នុងចិត្ត ពេលទៅដល់ព្រះវិហារគ្រីស្ទ គឺដូចបានកើតម្ដងទៀត។

គួរបញ្ជាក់ថា ពេជ្រ សោភា បានក្លាយជាគ្រីស្ទានបរិស័ទ (ប្រូតេស្ដង់) អស់រយៈពេល២៥ឆ្នាំ (១៩៩៧-២០២២)មកហើយ ស្របពេលដែលនៅថ្ងៃសម្ពោធព្រះគម្ពីរប៊ីប ក្រៅពីរូប នាង គេក៏ឃើញជនល្បីល្បាញផ្សេងៗទៀត ចូលរួមជាមួយគ្រីស្ទបរិស័ទរាប់ពាន់នាក់ឯណោះ។ មហាជនកត់សម្គាល់ថា ក្រៅពីតារាចម្រៀងល្បីល្បាញ ពេជ្រ សោភា ដែលជាគ្រីស្ទាននោះ តារាចម្រៀង ខេម ក៏ជាគ្រីស្ទានម្នាក់ដូចនាងផងដែរ ខណៈដែលថ្មីៗនេះគេឃើញតារាសម្ដែងលោក រតនៈ ពិសិដ្ឋ ក៏ចូលរួមសម្ពោធព្រះគម្ពីប៊ីបជាមួយ សោភា ដោយទឹកមុខយ៉ាងរីករាយ។ ចំណែកនៅលើ ហ្វេសបុកឈ្មោះ ម្លប់សាសនា ធ្លាប់ចេញសារដោយចាត់ទុក ពេជ្រ សោភា ថាជាវីរៈនារីដ៏ក្លាហាន មានចិត្តសប្បុរសធម៌ពិតៗ ព្រោះបានជួយសាលារៀន សង្រ្គោះក្មេងនៅវត្ត (ពង្រកជុំតេជោ) នៅឃុំតេជោអភិវឌ្ឍន៍ ខេត្តកំពតជាដើម។

តារាចម្រៀង ពេជ្រ សោភា ធ្លាប់បានបរិច្ចាគថវិកាចំនួន ៤០០ ០០០រៀល ជួយដលបងប្រុសដំបៅខ្នង ប្រព្ធរត់ចោល នៅខេត្តព្រះវិហារ និងបានបរិវច្ចាគថវិកាចំនួន៥០០ដុល្លារ សម្រាប់ទ្រទ្រង់ចាប៉ីដងវែង។ ជាពិសេស ពេជ្រ សោភា ក៏ធ្លាបបានជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តពោធិសាត់ចំនួន២០០គ្រួសារផងដែរ៕