(បរទេស)៖ ថ្មីៗនេះនាយកប្រតិបត្តិ (CEO) លោក Elon Musk បានសម្តែងសេចក្តីត្រេកអរមួយនៅលើគណនី Twitter ផ្ទាល់ខ្លួនរបស់លោកបន្ទាប់ពីជួបទុក្ខសោកអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ។ ពោលគឺលោកបានប្រកាសជាសាធារណៈថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កំពុងឈានទៅរកភាពជោគជ័យមួយជំហានទៀត ដោយផលិតរថយន្តបានជាង ៣លានគ្រឿង ដែលមួយភាគបីនៃរថយន្តទាំងនោះនៅក្នុងប្រទេសចិន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា Musk បានបង្ហោះនៅក្នុង Twitter ថា «អបអរសាទរ Giga Shanghai ក្នុងការផលិតរថយន្តរាប់លានគ្រឿង សរុប Tesla ផលិតបានលើសពី ៣លានគ្រឿង»

ដោយឡែកជាលទ្ធផលក្នុងនោះចំនួន ១លានគ្រឿងត្រូវបានផលិតនៅក្នុងរោងចក្រ Shanghai របស់ខ្លួន ខណៈដែលលទ្ធផលនេះបង្ហាញពីភាពជោគជ័យដ៏ធំមួយក្នុងការសាងសង់រោងចក្រនៅក្នុងទីក្រុងសៀងហៃរបស់ក្រុមហ៊ុន Tesla ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១៩ ប៉ុន្តែរោងចក្រនេះត្រូវបានញាំញីដោយការបិទទ្វា និងបញ្ហាផ្សេងទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដោយសារជំងឺ COVID-19។

បើយោងតាមរបាយការណ៍ខែកក្កដា ក្រុមហ៊ុនផលិតរថយន្ត Tesla បាននិយាយថា ខ្លួនបានដាក់លក់រថយន្តប្រមាណ ២៥៤,៦៩៥គ្រឿងក្នុងត្រីមាសទី ២ ដែលជាការកើនឡើងខ្ទង់ ២៦.៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់នៅតែឧបសគ្គសម្រាប់ក្រុមហ៊ុនផលិតរថយន្តពិភពលោកក៏ដោយ៕