(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីចុងសប្តាហ៍កន្លងមកនេះ បានរៀបចំកម្មវិធីជប់លៀង និងដំណើរទស្សនកិច្ចជូនដល់កីឡាករប្រដាល់ក្បាច់គុនបុរាណខ្មែរ និងដៃគូសហការទាំងអស់ដើម្បីថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងអស់ ក្នុងការចូលរួមរៀបចំព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសឲ្យប្រព្រឹត្តិទៅយ៉ាងរលូន និងបញ្ចប់ដោយជោគជ័យកាលពីពេលថ្មីៗនេះ។

កម្មវិធីនេះត្រូវបានធ្វើឡើងនៅឯរោងចក្រ ខ្មែរ ប៊ែវើរីជីស ក្រោមការអញ្ជើញចូលរួមជាកិត្តិយសរបស់លោកឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ថ្នាក់ដឹកនាំរបស់ស្ថានីយទូរទស្សន៍ថោន តំណាងនៃក្រុមហ៊ុន Meetads ម្ចាស់ខ្សែក្រវាត់ពិភពលោក IPCC កីឡាករ ផល សោភ័ណ្ឌ និងកីឡាករ ១១រូបផ្សេង ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ លោកឧកញ៉ា លាង ពៅ បានថ្លែងអំណរគុណដល់ភាគីទាំងអស់ដែលបានចូលរួមធ្វើឲ្យព្រឹតិ្តការណ៍ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ទទួលបានការគាំទ្រខ្លាំង និងកក្រើកទស្សនិកជនទូទាំងប្រទេស។

លោកអគ្គនាយក ក៏បានសម្តែងការកោតសរសើរដល់ទឹកចិត្តស្នេហា ការខិតខំប្រឹងប្រែងរបស់កីឡាករក្នុងការថែរក្សាក្បាច់គុនបុរាណខ្មែរឲ្យនៅគង់វង្ស និងបានបញ្ជាក់ពីគោលជំហររបស់ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ក្នុងការបន្តឧបត្ថម្ភគាំទ្រ និងនាំយកកម្មវិធី «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស»ជាបន្តទៀត។ ភ្ញៀវទាំងអស់ បានរីករាយដើរទស្សនកិច្ចរោងចក្រ ខ្មែរ ប៊ែវើរីជីស សំណេះសំណាលជាមួយលោកឧកញ៉ា លាង ពៅ បង្កើតចំណងមិត្តភាពឲ្យកាន់តែជិតស្និតរវាងក្រុមការងារ បន្ទាប់មកពិសាអាហារនាពេលល្ងាចមុនត្រឡប់ទៅផ្ទះវិញជាមួយនឹងស្នាមញញឹម។

គួរបញ្ជាក់ថា ភេសជ្ជៈប៉ូវកម្លំាង វើក WURKZ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសហការជាមួយស្ថានីយទូរទស្សន៍ថោនបង្កើតកម្មវិធី «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដើម្បីផ្តល់ឱកាសដល់កីឡាករប្រដាល់ក្បាច់គុនបុរាណខ្មែរធ្វើការបញ្ចេញសមត្ថភាពប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក IPCC ដំបូងនៅកម្ពុជាតាមរយៈការប្រកួតជម្រុះ និងសន្សំពិន្ទុនៅតាមបណ្តាខេត្តជាច្រើនហើយក៏បានបញ្ជប់ដោយជោគជ័យកាលពីថ្ងៃទី ៣០ ខែកក្កដា កន្លងមកនេះ៕