(ភ្នំពេញ)៖ លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានអះអាងថា សហព័ន្ធនឹងរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្ដរជាតិជាច្រើនចាប់ពីចុងឆ្នាំ២០២២ រហូតដល់ខែមេសា ឆ្នាំ២០២៣ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាម៉ូតូទឹកកម្ពុជា ពិសេសដើម្បីសម្រួចសមត្ថភាពធនធានមន្ដ្រីបច្ចេកទេស និងកីឡាករត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ការលើកឡើងនេះ ក្រោយសហព័ន្ធបានរៀបចំមហាសន្និបាតវិសាមញ្ញរបស់ខ្លួន នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការ NOCC ខណៈសហព័ន្ធកែសម្រួលសមាសភាពគណៈកម្មាធិការប្រតិបត្តិមួយចំនួន ដើម្បីឆ្លើយតបនឹងតម្រូវការត្រៀមរៀបចំព្រឹត្តិការណ៍ធំៗនានា ដូចជាការប្រកួតកីឡាជាតិ លើកទី៣ ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ហើយសហព័ន្ធនីមួយៗ ជាអ្នកទទួលខុសត្រូវលើការរៀបចំ ក្នុងនាមម្ចាស់ផ្ទះ។

លោកថា ដើម្បីជំរុញការអភិវឌ្ឍ និងសម្រួចសមត្ថភាពឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ដែលកម្ពុជាទន្ទឹងរង់ចាំអស់ ៦៤ឆ្នាំនេះ សហព័ន្ធមានផែនការរៀបចំការប្រកួតជាច្រើន នាអំឡុងចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ ដូចជាការត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួត Pre-Sea Games លើកទី២ ភ្ជាប់ជាមួយការប្រកួតកីឡាជាតិ លើកទី៣ នាខែវិច្ឆិកាខាងមុខ និងការចូលរួមប្រកួតអបអរសាទរពិធីបុណ្យសមុទ្រ នាចុងឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដែលជាកន្លែងត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម។

លើសពីនេះ សហព័ន្ធនឹងរៀបចំការប្រកួតកម្រិតជាតិចំនួន៤ (ក្នុង ១ខែម្ដង) ចាប់ពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ខែមីនា ឆ្នាំ២០២៣ រួមជាមួយការប្រកួតកម្រិតអន្ដរជាតិមួយទៀត នាខែមេសា មុនស៊ីហ្គេមមកដល់នាខែឧសភា ឆ្នាំ២០២៣។ ទន្ទឹមជាមួយគ្នា សហព័ន្ធក៏មានផែនការរៀបចំកម្មវិធីដំណើរកម្សាន្ដ (Adventure) តាមសមុទ្រ និងតាមដងទន្លេយ៉ាងហោចចំនួន២ បន្ថែមទៀតដែរ។

លោកថា ការដាក់គោលដៅរៀបចំព្រឹត្តិការណ៍ជាច្រើននេះ ក្នុងន័យជំរុញការអភិវឌ្ឍវិស័យកីឡាម៉ូតូទឹកកម្ពុជា និងដុះខាត់សមត្ថភាពបន្ថែមដល់មន្ដ្រីបច្ចេកទេស និងកីឡាករ។ ម្យ៉ាងសហព័ន្ធ នឹងបន្ដជំរុញក្រុមជម្រើសជាតិរបស់ខ្លួន ចូលរួមព្រឹត្តិការណ៍នានាដដែល ដូចជាការប្រកួត World Series ជាដើម ដើម្បីពង្រឹងគុណផលកីឡាកម្រិតខ្ពស់ និងធានាបាននូវលទ្ធភាពដណ្ដើមមេដាយជូនជាតិ ក្នុងនាមម្ចាស់ផ្ទះស៊ីហ្កេម ឆ្នាំ២០២៣ ផងដែរ៕