(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស បានដាក់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ឬ Safety Culture System ដែលមានតួនាទីចម្បង ២ គឺអាចរាយការណ៍ និងត្រួតពិនិត្យលើរបាយការណ៍ពីសកម្មភាពទាក់ទិននឹងសុវត្ថិភាពនៅកន្លែងធ្វើការ ដើម្បីលើកកម្ពស់វប្បធម៌នៃកន្លែងធ្វើការ ដែលគ្មានគ្រោះថ្នាក់ គ្មានឧប្បត្តិហេតុ និងគ្មានការខូចខាតទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ឲ្យកាន់តែមានប្រសិទ្ធិភាព។

ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព មិនត្រឹមតែពង្រឹងបន្ថែមលើច្បាប់ការពារសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីសំខាន់ក្នុងការជម្រុញឲ្យបុគ្គលិកធ្វើការរាយការណ៍បានរហ័សពីករណីណាមួយដែលអាចបង្កគ្រោះថ្នាក់ដល់បុគ្គលិក ជាងម៉ៅការ និងភ្ញៀវផ្សេងៗដែលចូលមកក្នុងក្រុមហ៊ុនផ្ទាល់។ បន្ថែមពីនេះ របាយការណ៍ទាំងអស់ក៏ត្រូវបានត្រួតពិនិត្យជាប្រចាំ ដោយថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីធានាបាននូវបរិយាកាសការងារប្រកបដោយសុវត្ថិភាពខ្ពស់។

គោលការណ៍ការពារសុវត្ថិភាពទូទៅរបស់ ខ្មែរ ប៊ែវើរីជីស មានដូចជា ការដើរលើគំនូសថ្មើរជើងសុវត្ថិភាព ការគោរពតាមស្លាកសញ្ញាសុវត្ថិភាពក្នុងអគារផលិតកម្ម ការពាក់សម្ភារសុវត្ថិភាពដូចជា អាវពន្លឺសុវត្ថិភាព ស្បែកជើងការពារសុវត្ថិភាព កាសត្រចៀក ស្រោមដៃ ជាដើម។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅតែបន្តខិតខំពង្រឹងការអនុវត្តន៍គោលការណ៍សុវត្ថិភាព និងបង្កើនវគ្គបណ្ដុះបណ្ដាលបន្ថែម ដោយបញ្ជ្រាបនូវវប្បធម៌ការពារសុវត្ថិភាពខ្លួនឯងផ្ទាល់ និងមិត្តរួមការងារទាំងអស់ ដើម្បីបញ្ចៀសឧប្បត្តិហេតុ ឬគ្រោះថ្នាក់ដែលកើតឡើងដោយប្រការណាមួយ៕