(សៀមរាប)៖ ពូជឈើកម្រ ឈើជិតផុតពូជ ឈើប្រណីត ព្រមទាំងរុក្ខជាតិឱសថយ៉ាងតិច៤០មុខ ត្រូវបានក្រុមហ៊ុន Kulara Water (Eau Kulen) សហការជាមួយអាជ្ញាធរ អង្គការដៃគូ និងប្រជាជនក្នុងតំបន់ចូលរួមដាំស្ដារឡើងវិញនៅតំបន់ភ្នំគូលែន ខេត្តសៀមរាប ខណៈពូជឈើខ្លះគេមិនដែលបានស្គាល់ មិនដែលបានឮ ឬសឹងតែផុតពូជពីផែនដីកម្ពុជា។

ពូជឈើទាំងនោះ រួមមាន អង្កាំ បេង ច្រេស ផ្ដៀក ចន្ទន៍ក្រឹស្នា ឆ្កែស្រែង ទេពពូរូ ស្ដី គ្រញូង ស្នូល នាងនួន ជើងចាបភ្នំ អង្កត់ខ្មៅ ឈើខ្មៅ ឈើភ្លើង ទ្រយឹង ឈើទាល ម្រះព្រៅភ្នំ តាត្រាវ ឬម៉ៃសាក់ វល្លិរមៀត ព្រហូត ដៃខ្លា គគីរថ្ម គីរដែក គគីរម្សៅ គគីរខ្សាច់ ស្រឡៅ រំលាយឈាម គូលែន ត្រសេក ធ្នង់ សាឡាក់ ពពែល ជ័រចុង កកោះ សំរង ព្រីង ដូនចែម ស្ពង់ សុក្រំជាដើម។

បន្ទាប់ពីអ្នកសារព័ត៌មានបានជួបជាមួយលោក Jacques Marcille នាយកគ្រប់គ្រងក្រុមហ៊ុន Kulara Water ដែលលោកបានធ្វើបទបង្ហាញអំពីក្រុមហ៊ុន និងកិច្ចទំនួលខុសត្រូវសង្គម ហើយបន្ទាប់ពីដើរទស្សនាក្នុងរោងចក្ររួមមក លោកស្រី នៅ សុខហ៊ាង ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Kulara Water និងលោក ឆេង និមិត្ត ទីប្រឹក្សាក្រុមហ៊ុន Kulara Water បាននាំអ្នកសារព័ត៌មានទៅមើលដោយផ្ទាល់នៅក្នុងបរិវេណដាំដើមឈើរបស់ក្រុមហ៊ុន Kulara Water នាជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនរុក្ខជាតិទាំងនោះខ្លះបាន៤ឆ្នាំ ខ្លះបាន៣ឆ្នាំហើយ ពួកវាត្រូវបានដាំជាជួរៗយ៉ាងរៀបរយ ក្រោមបរិយាកាសបៃតងស្រស់ខ្ចី ហើយក៏កំពុងលូតលាស់យ៉ាងរឹងមាំ គួរជាទីក្ដីសង្ឃឹមសម្រាប់ជួយឱ្យបរិស្ថានកាន់តែប្រសើរឡើង។

លោកស្រី នៅ សុខហ៊ាង បានឱ្យដឹងថា ការដាំដើមឈើនេះបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៨ រហូតដល់ពេលបច្ចុប្បន្នក៏នៅតែបន្តដាំ។ ដើមឈើប្រមាណ១០៣,០០០ដើមត្រូវបានដាំរួចរាល់នៅលើផ្ទៃដីសរុបជាង៨០០ហិកតា ក្នុងនោះ៩១៣៦ដើម ត្រូវបានដាំនៅលើផ្ទៃដី៤០.៥ហិកតាក្នុងតំបន់អភិរក្សរបស់ក្រុមហ៊ុន Kulara Water និងចំនួន៩២,៩៣៥ដើមទៀតត្រូវបានដាំនៅក្នុងឧទ្យានជាតិភ្នំគូលែន ដែលសុទ្ធសឹងជាពូជឈើកម្រ ជិតផុតពូជ ឈើប្រណីត និងរុក្ខជាតិឱសថ។

លោក ឆេង និមិត្ត បានបញ្ជាក់ថា ការដាំដើមឈើស្ដារឡើងវិញរបស់ក្រុមហ៊ុន Kulara Water និងអង្គការដៃគូកន្លងមកនោះ ក៏បានរួមបញ្ចូលទាំងសកម្មភាពលើកកម្ពស់ការយល់ដឹងដល់យុវជនជំនាន់ក្រោយអំពីការការពារបរិស្ថាន និងធនធានធម្មជាតិ ដោយមានការចូលរួមពីកុមារជិត៦០០នាក់ និងលោកគ្រូអ្នកគ្រូចំនួន២០នាក់មកពីសាលាបឋមសិក្សាចំនួន៣នៅលើភ្នំគូលែន។ តាមរយៈសកម្មភាពដាំដើមឈើ និងការអប់រំអំពីបរិស្ថាននេះដែរ គម្រោងក៏បានផ្ដល់ប្រយោជន៍ផ្ទាល់ដល់ប្រជាជនចំនួន៤៣០គ្រួសារ និងអ្នកភូមិដែលរស់នៅលើភ្នំគូលែនយ៉ាងតិច២,១០០នាក់ផងដែរ។

លោក ឆេង និមិត្ត បានបន្តថា សកម្មភាពនេះដែរក៏មានការសហការជាមួយអាជ្ញាធរ អង្គការដៃគូ និងប្រជាជនក្នុងតំបន់ ដូចជា មូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍ (ADF) ឧទ្យានជាតិព្រះជ័យវរ្ម័ន «ភ្នំគូលែន» អាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន Total Energies ជាដើម។

ទីប្រឹក្សា ឆេង និមិត្ត បានបញ្ជាក់ទៀតថា ក្រៅតែអំពីសកម្មភាពដាំដើមឈើឡើងវិញដែលជួយទ្រទ្រង់ដល់បរិស្ថាន ក្រុមហ៊ុន Kulara Water (Eau Kulen) ក៏ថែមទាំងកាត់បន្ថយការប្រើប្រាស់ដែលប៉ះពាល់ដល់បរិស្ថានផងដែរ ផ្ទុយទៅវិញក្រុមហ៊ុនបានដំឡើងប្រព័ន្ធសូឡាទាញថាមពលពីពន្លឺព្រះអាទិត្យ ដើម្បីយកមកប្រើប្រាស់ក្នុងរោងចក្រផលិតទឹកពិសារ៉ែធម្មជាតិអូគូលែនរបស់ខ្លួន។

ជាការពិតណាស់ ដោយសារការខិតខំចូលរួមក្នុងកិច្ចទំនួលខុសត្រូវសង្គមយ៉ាងនេះហើយ ទើបនាពេលថ្មីៗនេះ ក្រុមហ៊ុន Kulara Water (Eau Kulen) បានទទួលពានរង្វាន់សហគ្រាសទទួលខុសត្រូវអាស៊ីឆ្នាំ២០២២ (Asia Responsible Enterprise Awards 2022) ចំនួន២ផ្សេងគ្នា ក្នុងនោះគឺពានរង្វាន់ «ភាពជាអ្នកដឹកនាំបៃតង ឬ Green Leadership» និងពានរង្វាន់ «ភាពជាអ្នកដឹកនាំអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ឬ Responsible Business Leadership»៕