(បាងកក)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែសីហានេះ បានដឹកនាំកីឡាករកម្ពុជាចំនួន ២៤រូបចូលរួមព្រឹត្តិការណ៍កីឡាវាយកូនគោល ប្រពៃណី លើកទី១ រវាងនគរបាលថៃ និងនគរបាលកម្ពុជា នៅទីលានវាយកូនគោល CHATRIUM GOLF RESORT SOI DAO នាខេត្តច័ន្ទបូរី ប្រទេសថៃ។

លោកបានថ្លែងថា ការប្រកួតនេះបង្កើតឡើងក្នុងគោលបំណងផ្សារភ្ជាប់ រឹតចំណងមិត្តភាព សាមគ្គីភាព រវាងនគរបាលព្រះរាជាណាចក្រថៃ និងនគរបាលព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានភាពស្និទ្ធស្នាលបន្ថែមទៀត។ លោកបានគូសបញ្ជាក់ថា បន្ទាប់ពីចប់ការប្រកួតនេះ កម្ពុជានឹងត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតលើកទី២ វិញម្ដង ដែលគ្រោងរៀបចំនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។

ទន្ទឹមជាមួយគ្នា លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំ និងក្រុមកីឡាករថៃ ដែលបានរៀបចំទទួលស្វាគមន៏យ៉ាងកក់ក្តៅដល់ក្រុមកីឡាករកម្ពុជា អស់រយៈពេល ៣ថ្ងៃ ដែលបានញាំងឲ្យព្រឹត្តិការណ៍មួយនេះ ពោរពេញដោយអនុស្សាវរីយ៍ និងអត្ថន័យជាប្រវត្តិសាស្ត្រផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលមិត្តភាព នគបាលថៃ និងកម្ពុជា លើកទី១ ឆ្នាំ២០២២ ភាគីកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ រួមជាមួយកីឡាករ ២៤រូប ។ រីឯភាគីថៃដឹកនាំដោយ លោ ស៊ិតធិផុន គ្រុឌណាត (Sithiphon Krudnat) ប្រធានសហព័ន្ធកីឡាវាយកូនគោលប្រចាំខេត្ត CHANTHABURI។ ជាលទ្ធផល គឺក្រុមកីឡាករកម្ពុជា បានទទួលជ័យជម្នះលើកីឡាករថៃ៕