(អាស្តុន)៖ កីឡាករចំណូលថ្មីរបស់ក្លិប Aston Villa ខ្សែការពារ Diego Carlos ត្រូវបន្តអវត្តមានថែមទៀត ដោយសារបញ្ហាដាច់សរសៃពួរកែងជើង ដែលនឹងតម្រូវឲ្យរូបលោកត្រូវទទួលការវះកាត់។ នេះបើតាមការបញ្ជាក់ពីក្លិបដែលលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

Villa បានចុះកិច្ចសន្យាយកខ្សែការពារវ័យ ២៩ឆ្នាំរូបនេះមកពីក្លិប Sevilla លេងនៅលីគអេស្ប៉ាញ La Liga ដែលមានរបាយការណ៍ថា មានតម្លៃ ២៦លានផោន (៣១.៣៨លានដុល្លារ) នៅក្នុងពេលបិទរដូវកាលដោះដូរកីឡាករ។

«កីឡាករបានរងរបួសនៅអំឡុងពេលប្រកួត លទ្ធផលឈ្នះ ២-១ កាលពីថ្ងៃសៅរ៍លើក្រុម Everton» នេះបើតាមក្លិប Villa បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។ «កីឡាករនឹងត្រូវធ្វើការវះកាត់ ហើយក្រោយមកនឹងចាប់ផ្តើមកម្មវិធីស្តារនីតិសម្បទារបស់លោក»

ក្លិបមិនបានបញ្ជាក់ពីពេលវេលាសម្រាប់ការវិលត្រឡប់ចូលប្រកួតវិញ របស់កីឡាករសញ្ជាតិប្រេស៊ីលនេះនោះទេ។

សូមជម្រាបថា Villa ដែលកំពុងស្ថិតចំណាត់ថ្នាក់ទី៩ ក្នុងតារាង Premier League នោះ នឹងធ្វើដំណើរទៅជួបក្រុម Crystal Palace នៅថ្ងៃទី២០ ខែសីហាខាងមុខ នៃសប្តាហ៍ទី៣ ក្នុងលីគជើងទី១៕