(កូរ៉េ)៖ ក្រុមចម្រៀងនារី K-Pop BLACKPINK នឹងចូលរួមកម្មវិធីប្រគល់ពានរង្វាន់ MTV «Video Music Awards» ឆ្នាំ ២០២២ ដែលនឹងប្រព្រឹត្តទៅនៅ Prudential Center រដ្ឋ New Jersey សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

ផលិតកម្ម YG Entertainment បាននិយាយថា «BLACKPINK កំពុងរៀបចំឆាកពិសេសមួយ ដែលនឹងធ្វើឱ្យកម្មវិធីប្រគល់ពានរង្វាន់កាន់តែមានពន្លឺ និងពិសេស។ សមាជិក និងបុគ្គលិកកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីនាំយកពេលវេលាដ៏មានន័យដល់អ្នកគាំទ្រជុំវិញពិភពលោក»

គួរបញ្ជាក់ថា កម្មវិធីប្រគល់ពានរង្វាន់ Video Music Awards គឺជាកម្មវិធីពានរង្វាន់តន្ត្រីដ៏ពេញនិយមមួយក្នុងចំណោមពានរង្វាន់ធំទាំងបួនរបស់អាមេរិក ហើយ BLACKPINK នឹងក្លាយជាក្រុមចម្រៀងនារី K-Pop ដំបូងគេដែលបង្ហាញខ្លួននៅលើឆាកនេះ។ ពួកគេក៏ជាក្រុមចម្រៀងស្រីទីបួន ដែលបានសម្ដែងបន្ទាប់ ពី TLC, Spice Girls, និង Fifth Harmony។ លើសពីនេះ ក្រុមនឹងចេញបទចម្រៀងដំបូងរបស់ពួកគេ «Pink Venom» នៅថ្ងៃទី១៩ ខែសីហា មុនពេលចូលរួមកម្មវិធី VMAs៕