(បរទេស)៖ ប្រភពពីអ្នកវិភាគទីផ្សារស្មាតហ្វូន Canalys បានបង្ហាញនាពេលថ្មីៗនេះថា ការដាក់លក់ស្មាតហ្វូននៅទូទាំងអាស៊ីអាគ្នេយ៍ «SEA» មានចំនួនត្រឹមតែ ២៤.៥លានគ្រឿងប៉ុណ្ណោះក្នុងអំឡុងខែមេសា ដល់ខែ មិថុនា។ ពោលគឺធ្លាក់ចុះប្រមាណ ៧ភាគរយបើធៀបទៅនឹងចំនួនដាក់លក់ក្នុងត្រីមាសទី១។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

យ៉ាងណាមិញការកើនឡើងនៃកម្រិតអតិផរណានៅតែបញ្ហាចោទទូទាំងផលិតផលដែលបានបណ្តាលឱ្យធ្លាក់ចុះនៃតម្រូវការអ្នកប្រើប្រាស់នៅទូទាំងតំបន់។ ដោយឡែកបើយោងតាមតារាងទីផ្សារស្មាតហ្វូន SEA បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីគឺជាទីផ្សារដ៏ធំបំផុតក្នុងអាស៊ីអាគ្នេយ៍ជាមួយនឹងការដាក់លក់ស្មាតហ្វូនចំនួន ៩.១លានគ្រឿង និងទទួលបានចំណែកទីផ្សារ ៣៧ភាគរយនៃទីផ្សារ SEA។

ទន្ទឹមនឹងនេះដែរ ប្រទេសហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខ ២ជាមួយនិងការដាក់លក់ស្មាតហ្វូនចំនួន ៤.៤លានគ្រឿង ខណៈដែលនៅក្នុងប្រទេសថៃបានដាក់លក់ស្មាតហ្វូនសរុបមានចំនួន ៤លានគ្រឿង ដែលឈរនៅលេខរៀងទី ៣។ ចំណែកឯប្រទេសវៀតណាមវិញឈរនៅលេខរៀងទី៤ ជាមួយនិងការដាក់លក់ស្មាតហ្វូនចំនួន ៣.១លានគ្រឿង និងប្រទេសម៉ាឡេស៊ីឈរនៅលេខរៀងទី ៥ជាមួយនិងការដាក់លក់ស្មាតហ្វូនចំនួន ២.៤លានគ្រឿង ខណៈដែលប្រទសទាំង ៥នេះគឺជាអ្នកប្រមូលផ្តុំទីផ្សារកំពូលទាំង ៥នៅអាស៊ីអាគ្នេយ៍។

គួរបញ្ជាក់ដែរថា នៅក្នុងលទ្ធផលខាងលើនេះក្រុមហ៊ុនផលិតស្មាតហ្វូនដែលទទួលបានចំណែកទីផ្សារខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១ គឺក្រុមហ៊ុនរបស់កូរ៉េខាងត្បូង Samsung ដែលបានដាក់លក់ស្មាតហ្វូនសរុបចំនួន ៥.៧លានគ្រឿង ជាមួយនិងចំណែកទីផ្សារ ២៣ភាគរយ។ រីឯក្រុមហ៊ុន Oppo និង Xiaomi វិញឈរនៅលេខរៀងទី២ ទី៣ រៀងគ្នា ដែលបានដាក់លក់ស្មាតហ្វូនប្រមាណ ៤.៤លានគ្រឿង និង ៤.០លានគ្រឿង ជាមួយនិងចំណែកទីផ្សារ ១៨ភាគរយ និង១៦ភាគរយ។ ខណៈក្រុមហ៊ុន Vivo និង Realme ឈរនៅលេខរៀងទី ៤ និងទី ៥ជាមួយនិងការដាក់លក់ស្មាតហ្វូនចំនួន ៣.២ និង ២.៦លានគ្រឿង ដែលទទួលបានចំណែកទីផ្សារ ១១ និង ១៩ភាគរយផងដែរ៕