(បរទេស)៖ លោក Tom Holland ដែលគេស្គាល់ថា ជាតួអង្គឯក (Peter Parker) នៅក្នុងរឿង Spider-Man វគ្គ៣ ថ្មី បានប្រកាសលើបណ្តាញសង្គមថា ការលេងបណ្តាញសង្គមរាល់ថ្ងសនេះ គឺហាក់បីដូចជាលើសលប់សម្រាប់លោកទៅហើយ ដូច្នេះលោកបានសម្រេចចិត្ត ផ្អាកលេងបណ្តាញសង្គមមួយរយៈ ដើម្បីយកពេលវេលាព្យាបាលជំងឺផ្លូវចិត្ត។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន International The News នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

ថ្លែងទៅកាន់អ្នកតាមដាន Instagram របស់លោកចំនួន៦៧លាននាក់ តារាប្រុសវ័យ២៦ឆ្នាំរូបនេះ បានទម្លាក់វីដេអូបង្ហាញពីហេតុផល ដែលលោកសម្រេចចិត្តលុបកម្មវិធី ប្រព័ន្ធផ្សព្វផ្សាយសង្គមចេញពីទូរស័ព្ទរបស់លោក។ មូលហេតុចម្បងដែលធ្វើឲ្យតារាសម្តែងរូបនេះ សម្រេចលុបបណ្តាញសង្គមចេញពីទូរស័ព្ទ គឺដើម្បីព្យាបាលជំងឺផ្លូវចិត្ត ដោយសារតែលោកយល់ថា Instagram និង Twitter មានភាពរំជើបរំជួលខ្លាំងពេក...ហើយទីបំផុតវាប៉ះពាល់យ៉ាងខ្លាំង ដល់ស្ថានភាពផ្លូវចិត្តរបស់លោក ដូច្នេះហើយទើបលោកសម្រេចចិត្តផ្អាកលេងបណ្តាញសង្គមទាំងនោះ តាមរយៈការលុបចោលកម្មវិធីចេញពីទូរស័ព្ទ។

បន្ទាប់ពីទទួលបានវីដេអូ ដែលបញ្ជាក់ពីហេតុផល របស់ Tom Holland បានធ្វើហ្វេនៗជាច្រើនចាប់អារម្មណ៍ ហើយក៏បង្ហាញការគាំទ្រចំពោះការសម្រេចចិត្ត របស់លោកផងដែរ។ ក្នុងនោះគេឃើញមានតារាចម្រៀង Justin Bieber គាំទ្រផងដែរ តាមរយៈការផ្ញើររូបបេះដូង ក្នុងវីដេអូនោះ៕