(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងថា Apple គ្រោងនឹងដាក់ផ្ទាំងផ្សាយពាណិជ្ជកម្ម «Ads» បន្ថែមជាច្រើននៅលើកម្មវិធីរបស់ខ្លួនរួមមាន iOS, iPadOS និង MacOS ឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

យោងប្រភពពី Mark Gurman មកពី Bloomberg បានរាយការណ៍ថា Apple កំពុងតែរកវិធីសាស្រ្តពង្រីកអាជីវកម្មផ្សាយពាណិជ្ជកម្មរបស់ខ្លួនបន្ថែមទៀត ខណៈថ្មីៗនេះ Apple ក៏ទើបតែប្រកាសបង្ហាញថាខ្លួនកំពុងតែសាកល្បងគំរូផ្សាយពាណិជ្ជកម្មថ្មីនៅក្នុងកម្មវិធី Map, Podcast និង Books ផងដែរ។

ជាមួយគ្នានេះដែរ បច្ចុប្បន្ន Apple បានដាក់បង្ហាញការផ្សាយពាណិជ្ជកម្មនៅលើកម្មវិធីរបស់ខ្លួនមួយចំនួនរួចទៅហើយ ដែលកន្លងមកឃើញមាននៅលើ App Store, News និង Stocks ក៏ដូចជានៅលើ Platform TV+ ជាច្រើន។ ដោយឡែកការដាក់ផ្សារពាណិជ្ជកម្មនៅលើ News និង Stocks នោះវាបានបង្ហាញជារូបរាងបដាពេញលេញដែលមើលទៅវាស្រដៀងទៅនឹងគេហទំព័រមួយផ្សេងទៀតរបស់ Apple អ៊ីចឹង ចំណែកឯនៅក្នុង TV+ វិញក៏មានដាក់បង្ហាញការផ្សាយពាណិជ្ជកម្មសម្រាប់ MLB Friday Night Baseball ផងដែរ។

គួរបញ្ជាក់ដែរថា លទ្ធផលប្រាក់ចំណូលដែល Apple រកបានពីការផ្សាយពាណិជ្ជកម្មកាលពីឆ្នាំ២០២១ កន្លងទៅ Apple បានកើនឡើងដល់ ៣.៧ពាន់លានដុល្លារ ដែលគ្រាន់តែជាផ្នែកមួយសម្រាប់ការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ នេះបើផ្អែកលើទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ Omdia៕