(ភ្នំពេញ)៖ ក្រសួងអប់រំយុវជននិងកីឡា នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានរៀបចំពិធីប្រគល់-ទទួលប្រព័ន្ធសន្និសីទវីដេអូ (Video Conference System) សម្រាប់ក្រសួង និងមន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តទាំង២៥ ក្រោមការឧបត្ថម្ភចំនួន២៦ឈុត ពីក្រុមហ៊ុនមិត្តហ្វូន។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា នៅទីស្ដីការក្រសួង និងលោក ហ្វុង វ៉ាន់គឿង អគ្គនាយកក្រុមហ៊ុនមិត្តហ្វូនព្រមទាំងការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធសន្និសីទវីដេអូពីថ្នាក់ដឹកនាំក្រសួង ប្រធាន អនុប្រធាន និងបុគ្គលិកមន្ទីរអប់រំយុវជននិងកីឡាទាំង២៥ខេត្តរាជធានី និងនាយកសាខា ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុនមិត្តហ្វូនទូទាំងប្រទេស ជាច្រើននាក់។

របាយការណ៍របស់ក្រសួងអប់រំ បានឲ្យដឹងថា ការបំពាក់ប្រព័ន្ធសន្និសីទវីដេអូនេះ ទទួលបានការគាំទ្រពីក្រុមហ៊ុនមិត្តហ្វូនទាំងផ្នែកសម្ភារៈនិងបច្ចេកទេស ដែលសហការដោយផ្ទាល់ជាមួយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង។ ប្រព័ន្ធសន្និសីទវីដេអូនេះ បានប្រគល់ជូនក្រសួងចំនួន១ឈុត និងមន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តចំនួន២៥ឈុត ដែលឈុតនីមួយៗមានប្រព័ន្ធវីដេអូ១ឈុត (កាមេរ៉ានិងឧបករណ៍ស្រូបសំឡេង) ទូរទស្សន៍ឆ្លាតវៃទំហំ៥៥អ៉ីញចំនួន១ ភ្ជាប់ពីទូរទស្សន៍ទៅកុំព្យូទ័រចំនួន១ខ្សែ និងអាជ្ញាប័ណ្ណកម្មវិធី ZOOM រយៈពេល១ឆ្នាំ សម្រាប់អ្នកគ្រប់គ្រងរួមនៅទីស្ដីការក្រសួង។

របាយការណ៍ដដែលបន្តថា «ប្រព័ន្ធនេះនឹងដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីខែសីហាឆ្នាំ២០២២នេះតទៅ សម្រាប់បម្រើការប្រជុំនានា តាមប្រព័ន្ធអនឡាញរបស់ថ្នាក់ដឹកនាំក្រសួង ជាមួយអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រើប្រាស់ក្នុងគោលដៅលើកកម្ពស់បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំ»

ថ្លែងនៅក្នុងពិធីនេះ លោក ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង ជាមួយក្រុមហ៊ុនមិត្តហ្វូន នាពេលកន្លងមក រួមមានការបំពាក់អ៉ិនធឺណិតសម្រាប់រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាសាធារណៈ ការបំពាក់ប្រព័ន្ធសន្និសីទវីដេអូសម្រាប់ទីស្ដីការក្រសួង ក្នុងកំឡុងវិបត្តិកូវីដ១៩ ការបំពាក់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន(SIS) និងការគាំទ្រផ្នែកបច្ចេកទេសផ្សេងៗទៀតសម្រាប់ក្រសួង ដែលជាដៃគូមួយដ៏សំខាន់របស់ក្រសួង ក្នុងការលើកកម្ពស់ការអប់រំបែបឌីជីថលនៅប្រទេសកម្ពុជា។

លើសពីនេះទៀត លោកក៏បានអបអរសាទរនិងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនមិត្តហ្វូន និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង ដែលបានបំពាក់ដោយជោគជ័យនូវប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន(SIS) សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈបានចំនួន២៦៥គ្រឹះស្ថាន ហើយប្រព័ន្ធនេះកំពុងមានអ្នកប្រើប្រាស់ជាគ្រូបង្រៀនសរុបចំនួន១៦០៧០នាក់ សិស្សចំនួន៣១៨០៨០នាក់ និងអ្នកអាណាព្យាបាលសរុបចំនួន៤១៥១០៥នាក់។ លោកក៏បានផ្ដល់អនុសាសន៍គាំទ្រ ឲ្យខិតខំពង្រីកវិសាលភាពនៃគម្រោងបន្ថែមទៀត ឲ្យបានទៅដល់សិស្សជិត ២លាននាក់នៅឆ្នាំ២០២៥។

លោក ហ្វុង វ៉ាន់គឿង បានសម្តែងនូវការកោតសរសើរចំពោះក្រសួងអប់រំយុវជននិងកីឡា ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនមិត្តហ្វូនផ្ដល់ជំនួយ និងគាំទ្រដល់ការអនុវត្តគម្រោងជាច្រើននាពេលកន្លងមក។ លោកបន្តថាក្រុមហ៊ុនមិត្តហ្វូន បានបញ្ជាក់ពីចក្ខុវិស័យដ៏មុតមាំរបស់ខ្លួន ក្នុងការវិនិយោគលើការអប់រំនៅកម្ពុជា ដែលជាការប្តេជ្ញាចិត្តដ៏សំខាន់ក្នុងការនាំយកនូវដំណោះស្រាយលំដាប់ពិភពលោក មកប្រទេសកម្ពុជាដែលត្រូវបានបញ្ជាក់ និងទទួលស្គាល់អស់រយៈពេលជាច្រើនឆ្នាំមកនេះ។

បើតាមលោក ហ្វុង វ៉ាន់គឿង បានបន្ថែមថាសកម្មភាពរបស់ក្រុមហ៊ុនមិត្តហ្វូន ត្រូវបានគេទទួលស្គាល់ថាអាចជួយឱ្យយុវជនជំនាន់ក្រោយ និងអនាគតអ្នកដឹកនាំកម្ពុជាអាចបំពេញនូវសក្តានុពលរបស់ខ្លួនបាន។ វាជាការចាប់ផ្តើមនៃការប្រើប្រាស់ចំណេះដឹង និងជំនាញព័ត៌មានវិទ្យា ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅអនាគតនៃប្រទេសកម្ពុជា។

សូមជម្រាបថា «ក្រុមហ៊ុនមិត្តហ្វូន គឺជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ដែលមានបណ្ដាញធំទូលាយគួរទុកចិត្តនិងអាចជឿជាក់បាន។ បច្ចុប្បន្ន មិត្តហ្វូនមានអ្នកប្រើប្រាស់ចំនួន ៩លាននាក់ ដែលស្មើនឹង៥០% នៃចំណែកទីផ្សារនៅកម្ពុជា»