(អាមេរិក)៖ តារាចម្រៀងរ៉េបល្បីឈ្មោះរបស់អាមេរិក A$AP Rocky ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់អាវុធ និងករណីបាញ់ប្រហារមួយ នៅតំបន់ហូលីវូដកាលពីឆ្នាំមុន បណ្តាលឲ្យមានមនុស្សរងរបួស។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន BBC នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

ព្រះរាជអាជ្ញានិយាយថា តារាប្រុស A$AP Rocky ដែលមានឈ្មោះពិតថា Rakim Mayers ត្រូវបានគេចោទប្រកាន់ថា បានភ្ជង់កាំភ្លើងទៅលើអតីតមិត្តភក្តិម្នាក់ អំឡុងពេលឈ្លោះគ្នាកាលពីខែវិច្ឆិកាឆ្នាំមុន។ តារាប្រុសរូបនេះបានបាញ់ ២គ្រាប់ សំដៅទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសស្រាល។ តារាប្រុសវ័យ៣៣ឆ្នាំរូបនេះ អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៩ ឆ្នាំ ប្រសិនបើត្រូវបានរកឃើញថា មានកំហុស។

តារារ៉េប A$AP Rocky ដែលត្រូវបានគេស្គាល់ថា ជាមិត្តប្រុសរបស់តារាចម្រៀង Rihanna រូបនេះ នឹងត្រូវបង្ហាញខ្លួននៅតុលាការនៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីឆ្លើយតបចំពោះបទចោទប្រកាន់ចំនួនពីរ ពីបទការវាយ ប្រហារដោយអាវុធពាក់កណ្តាលស្វ័យប្រវត្តិ និងការប្រើប្រាស់អាវុធផ្ទាល់ខ្លួន។ ជុំវិញការចោទប្រកាន់នេះ មេធាវីរបស់ A$AP Rocky មិនបានចេញមុខមកធ្វើការអធិប្បាយភ្លាមៗនោះឡើយ។

អ្នកច្បាប់ប្រចាំតំបន់ Los Angeles County លោក George Gascón បាននិយាយថា «ការប្រើកាំភ្លើងនៅកន្លែងសាធារណៈ គឺជាបទល្មើសធ្ងន់ធ្ងរ ដែលអាចបង្កឲ្យមានសោកនាដកម្ម មិនត្រឹមតែចំពោះបុគ្គលជាប់ពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏អាចប៉ះពាល់ដល់អ្នកស្លូតត្រង់ ដែលមកទស្សនានៅតំបន់ហូលីវូដផងដែរ។

គួរជម្រាបថា កាលពីខែមេសាឆ្នាំនេះ តារាចម្រៀងរ៉េបល្បីឈ្មោះរបស់អាមេរិក លោក A$AP Rocky ដែលគេស្គាល់ថា ជាមិត្តប្រុសរបស់តារាចម្រៀង Rihanna ត្រូវបានរាយការណ៍ថា ត្រូវបានប៉ូលីសឃាត់ខ្លួន ពាក់ព័ន្ធករណីបាញ់ប្រហារមួយ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១។ ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើង នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Los Angeles បន្ទាប់ពី A$AP Rocky ត្រឡប់មកពីប្រទេសបាបាដូសជាមួយមិត្តស្រីវិញ។ លោកត្រូវបានគេដោះលែងបីម៉ោង បន្ទាប់ពីចាប់ខ្លួន ក្រោយបានប្រកាសដាក់ប្រាក់ធានាចំនួន ៥៥ម៉ឺនដុល្លារអាមេរិក៕