(បាងកក)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបង្ហាញពីលទ្ធផលជាវិជ្ជមាន នៃកិច្ចប្រជុំលេខាធិការដ្ឋាន ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី១៦ ខែសីហានេះ ដោយកម្ពុជាបានទទួលភាពកក់ក្ដៅ និងការគាំទ្របន្ថែមពីបណ្ដាប្រទេសសមាជិក ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូង ខណៈវិញ្ញាសាភាគច្រើន ត្រូវបានគាំទ្រដាក់ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះ។

ថ្លែងពីទីក្រុងបាងកក នៅល្ងាចថ្ងៃអង្គារនេះ មន្ដ្រីកីឡាជាន់ខ្ពស់កម្ពុជាខាងលើ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យទៅលើការងារ និងដំណើរការនៃការរៀបចំស៊ីហ្គេមរបស់កម្ពុជា ហើយបណ្ដាប្រទេសសមាជិក ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកទាំង ១១ប្រទេស បានបង្ហាញនូវភាពកក់ក្ដៅ ចំពោះការត្រៀមខ្លួនបានយ៉ាងល្អរបស់កម្ពុជា ជាក់ស្ដែងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅរាជធានីភ្នំពេញ កាលពីថ្មីៗ ដែលកម្ពុជា បានរៀបចំទទួលបដិសណ្ឋារកិច្ចយ៉ាងល្អដល់ប្រតិភូគ្រប់បណ្ដាប្រទេស។

លោកថា «អ្វីដែលសំខាន់យើងបានបង្ហាញទៅគ្រប់ប្រទេស អំពីការត្រៀមប្រភេទវិញ្ញាសាជាង៦០០ ដោយមានការជជែកវែកញែកគ្នា ក្នុងនោះវិញ្ញាសាភាគច្រើន បានទទួលការគាំទ្រពីបណ្ដាប្រទេសទាំងអស់ ហើយនៅមានវិញ្ញាសាតិចតួចប៉ុណ្ណោះ ដែលគេស្នើសុំឲ្យយើងមានការពិចារណាឡើងវិញ។ អ៊ីចឹងក្នុងនាមជាម្ចាស់ផ្ទះ យើងបានយកសំណូមពររបស់គេ មកធ្វើការជាមួយសហព័ន្ធកីឡាជាតិរបស់យើងឡើងវិញមួយចំនួន។ នេះហើយជាអ្វីដែលយើងបានខិតខំប្រឹងប្រែង ដើម្បីធ្វើការតស៊ូមតិបន្ដ តែវឌ្ឍនភាពរបស់យើង បានដើរទៅមុខយ៉ាងរលូន ព្រោះយើងបានសុំឲ្យប្រទេសទាំងអស់ គាំទ្រកម្ពុជា និងជួយកម្ពុជា ឲ្យធ្វើការប្រកួតទទួលបានជោគជ័យ ហើយប្រទេសទាំងអស់ បានសន្យានឹងជួយដល់កម្ពុជា ដែលខិតខំប្រឹងប្រែងក្នុងការធ្វើម្ចាស់ផ្ទះលើកដំបូងនេះឲ្យបានជោគជ័យផងដែរ»

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «ចំណុចមួយទៀត គឺការរៀបចំឲ្យមានការលក់សិទ្ធទូរទស្សន៍ ត្រូវបានប្រទេសទាំងអស់ ចាត់ទុកជាគឺជារបត់នៃការផ្លាស់ប្ដូរមួយដ៏សំខាន់ ក្នុងប្រវត្តិសាស្ដ្រស៊ីហ្គេម ដែលមានតែកម្ពុជាទេ អាចធ្វើជាគំរូក្នុងការលក់សិទ្ធទូរទស្សន៍នេះ ដើម្បីឲ្យស៊ីហ្គេមបន្ដៗទៀត យកជាមេរៀនបទពិសោធន៍ ទាំងការផលិតឲ្យមានគុណភាព និងការផ្ដល់នូវតម្លាភាព នៃការចែករំលែកភាគលាភ ក្នុងការលក់សិទ្ធទូរទស្សន៍ ចំពោះស៊ីហ្គេមនៅកម្ពុជា»

«សរុបជារួម ការវាយតម្លៃចុងក្រោយ ក្នុងនាមយើងជាម្ចាស់ផ្ទះ យើងបានជោគជ័យក្នុងកិច្ចប្រជុំនេះ ដែលជាកិច្ចប្រជុំមួយទទួលបាននូវសុទិដ្ឋិនិយមច្រើន នៅក្នុងការលើកទឹកចិត្តឲ្យម្ចាស់ផ្ទះរៀបចំឲ្យទទួលបានជោគជ័យ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣»។ លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែម។

សូមបញ្ជាក់ថា ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខណៈកីឡា ៣៩ប្រភេទ បូកកីឡាសម្ដែង ១ប្រភេទ ត្រូវបានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ អនុម័តរួចរាល់ សម្រាប់ដាក់ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់លើកដំបូងនៅកម្ពុជានេះ។ លើកលែងតែវិញ្ញាសាប៉ុណ្ណោះ ដែលកម្ពុជា ទើបយកទៅធ្វើបង្ហាញ និងទទួលបានលទ្ធផលជាវិជ្ជមាន ក្នុងកិច្ចប្រជុំលេខាធិការដ្ឋាន SEAGF នៅទីក្រុងបាងកក នៅថ្ងៃអង្គារនេះ៕