(ឡុងដ៏)៖ ក្លិបអង់គ្លេស Wolverhampton Wanderers FC យល់ព្រមក្នុងតម្លៃកំណត់ត្រាក្លិបប្រមាណ ៣៨លានផោន ជាមួយក្លិបព័រទុយហ្គាល់ Sporting Lisbon នៃការផ្ទេរយកខ្សែបម្រើ Matheus Nunes។ នេះបើតាមប្រភពពី BBC នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

បុរសវ័យ ២៣ឆ្នាំ Nunes សញ្ជាតិព័រទុយហ្គាល់ បានស្ថិតជាគោលដៅយ៉ាងសំខាន់របស់ក្លិបកំពូលនៅអឺរ៉ុប ខណៈនៅតែយល់ព្រមសម្រាប់លក្ខខណ្ឌផ្ទាល់ខ្លួន ប៉ុន្តែក្លិប Wolves សង្ឃឹមថានឹងមានការបិទបញ្ចប់នូវអ្វីដែលអាចក្លាយជាកំណត់ត្រាធំរបស់ក្លិប ជាមួយនឹងកីឡាករធ្លាប់ទទួលបានការសរសើរពីលោក Pep Guardiola ចំពោះសមត្ថភាពល្អរបស់គេផងដែរ។

គួររំលឹកផងថា Nunes បានចូលរួមជាមួយ Sporting កាលឆ្នាំ២០១៩ និងបង្ហាញខ្លួន ៧៦ប្រកួតនៅលីគ Primeira Liga ដោយរកបាន ៧គ្រាប់ ហើយការចាប់ផ្តើមរដូវកាលថ្មី២០២២-២៣ លេងបាន ២ប្រកួត និងរកបាន ១គ្រាប់ផងដែរ។

ការបញ្ចប់លក្ខខណ្ឌផ្ទេរក្នុងតម្លៃ ៣៨លានផោននេះ នឹងក្លាយជាកំណត់ត្រាលើសពី ៣៥.៦លានផោន ដែលក្លិប Wolves ធ្លាប់ចំណាយទៅកាន់ Fabio Silva ផ្ទេរមកពីក្លិប Porto កាលឆ្នាំ២០២០៕