(ភ្នំពេញ)៖ សមាជិកក្រុមជម្រើសជាតិតេក្វាន់ដូ WT កម្ពុជា កីឡាករ ឈុន សុខឡុង បានឲ្យដឹងថា បច្ចុប្បន្នស្ថានភាពរបួសរបស់ខ្លួន បានប្រសើរឡើងច្រើនហើយ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ពិសេសថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMSOC និង NOCC បន្ទាប់ពីខ្លួនធ្វើការវះកាត់សរសៃពួរជង្គង់ ដែលរងរបួសអំឡុងការប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមកាលពីខែឧសភាកន្លងទៅ។

ដំណាលគ្នានឹងការវិវឌ្ឍន៍ល្អប្រសើរនៃស្ថានភាពរបួសជង្គង់ខាងលើ សុខឡុង ក៏បានចាប់ផ្ដើមធ្វើការហ្វឹកហាត់ជាបណ្ដើរៗ តាមការណែនាំរបស់វេជ្ជបណ្ឌិត ដោយផ្ដើមពីការហ្វឹកហាត់សាច់ដុំមុនគេ។ តាមការបញ្ជាក់របស់គ្រូពេទ្យ សុខឡុង ត្រូវសម្រាកព្យាបាលយ៉ាងហោច ៦ខែ តែជាង ២ខែកន្លងមកនេះ រូបគេបានព្យាយាមខ្លាំង ដើម្បីព្យាបាលឲ្យជះស្បើយទាន់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលខ្លួនស្រម៉ៃចង់ដណ្ដើមមេដាយមាសជូនជាតិ។

កីឡាករវ័យ ២២ឆ្នាំរូបនេះបន្ដថា «ខ្ញុំមានរបួសក្នុងខែឧសភា ហើយខ្ញុំត្រូវការ ៦ខែ ដើម្បីព្យាបាល អ៊ីចឹងអាចដល់ខែវិច្ឆិកា (២០២២) ហើយស៊ីហ្គេម នៅខែឧសភា (២០២៣)។ ចឹងចាប់ពី ៣ខែឡើងទៅ ខ្ញុំនឹងសម្រុកហ្វឹកហាត់សាច់ដុំ ហើយពេលសាច់ដុំ និងសរសៃយើងរឹងមាំឡើងវិញ ខ្ញុំនឹងត្រឡប់មកពង្រឹងការហ្វឹកហាត់តេក្វាន់ដូវិញ។ ខ្ញុំនៅតែគិត និងចង់ប្រកួតដណ្ដើមមេដាយមាស(ស៊ីហ្គេម-២០២៣) ព្រោះថាពេលទៅវៀតណាម ក៏ខ្ញុំមានគោលដៅនេះដែរ តែសោកស្ដាយ ដោយសាររបួស ខ្ញុំបានឡើងត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ...»

ស្ថិតក្នុងស្ថានភាពស្រពេចស្រពិលនេះ សុខឡុង បានអះអាងថា ស៊ីហ្គេម គឺជាព្រឹត្តិការណ៍អាទិភាពមួយប្រចាំតំបន់អាស៊ាន។ ដូច្នេះខ្លួនត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីចូលរួម តែបើកម្លាំង មិនទាន់គ្រប់គ្រាន់ ហើយរបួសមិនទាន់ជាសះស្បើយ ក៏គេពិបាកចូលរួមដែរ។ ប៉ុន្ដែរូបគេបានត្រៀមផែនការបន្ទាប់ បើសិនមិនអាចចូលរួមប្រកួតបាន រូបគេនឹងប្ដូរផែនការពីកីឡាករ ទៅជាអ្នកផ្ដល់យោបល់ ដើម្បីចែករំលែកបទពិសោធន៍ និងបច្ចេកទេសដល់មិត្តរួមក្រុមវិញ ដើម្បីជំរុញការប្រកួតឲ្យទទួលបានជោគជ័យជូនជាតិ។

គួរដឹងថា កីឡាករ ឈុន សុខឡុង ត្រូវបានធ្វើការវះកាត់ភ្លាមៗ នៅប្រទេសវៀតណាម បន្ទាប់ពីពិនិត្យឃើញដាច់សរសៃជង្គង់ អំឡុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាយណូ កាលពីខែឧសភាកន្លងទៅ ដែលនាំឲ្យគេទទួលបានត្រឹមមេដាយសំរឹទ្ធ។ ក្រោយត្រឡប់មកដល់កម្ពុជាវិញ រូបគេត្រូវបានដានតានយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ដើម្បីលើកទឹកចិត្តក្នុងការព្យាបាលរបួសរូបគេឲ្យឆាប់ជាសះស្បើយ និងត្រៀមខ្លួនចូលរួមប្រកួតស៊ីហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ ខាងមុខ៕