(អឺរ៉ុប)៖ មហាសេដ្ឋីពិភពលោក Elon Musk បានលើកឡើងថា លោកបាននិយាយលេងចំពោះការទិញក្លិបអង់គ្លេស Manchester United បន្ទាប់ពីបានបង្ហាញនៅលើបណ្តាញសង្គម Twitter ថាលោកនឹងទិញក្លិបនេះនៅប៉ុន្មានម៉ោងមុននេះ។ នេះបើតាមការឲ្យដឹងពី Reuters នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

បន្ទាប់ពីបង្ហោះសារលើ Twitter (លោកនឹងទិញយក Manchester United) ហើយមានការសួរថាតើពិតជាចង់ទិញក្លិបនេះមែនទេ «Musk បានឆ្លើយថាទេ នេះជាការលេងសើចនៅលើ Twitter។ ខ្ញុំមិនទិញក្រុមកីឡាណាមួយទេ ទោះជាក្រុមណាក៏ដោយ ហើយក្រុម Man United ជាក្រុមដែលខ្ញុំពេញចិត្តតាំងនៅក្មេង»

គួររំលឹកផងថា បច្ចុប្បន្នក្លិបកំពូលអង់គ្លេស Manchester United កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់គ្រួសារ Glazer ដែលមានលោក Joel Glazer និងលោក Avram Glazer ជាសហប្រធានក្លិប ដែលកំពុងជួបវិបត្តិដោយការខឹងសម្បារជាខ្លាំងពីសំណាក់អ្នកគាំទ្រឲ្យមានការដកខ្លួនចេញ។

បច្ចុប្បន្នលោក Elon Musk មានទ្រព្យសម្បត្តិសរុប ២៧០ពាន់លានដុល្លារច្រើនជាងគេ ដែលដកស្រង់ដោយសារព័ត៌មាន Forbes មានលទ្ធភាពអាចទិញក្លិបនេះបាន៕