(អាមេរិក)៖ កាលពីចុងសប្តាហ៍កន្លងទៅនេះ តារាប្រុស Will Smith និងភរិយា Jada Pinkett Smith បានថតរូបនៅឯកន្លែងល្បី Nobu ក្នុងទីក្រុង Malibu រដ្ឋកាលីហ្វ័រញ៉ា។ នេះជាការបង្ហាញមុខជាសាធារណៈ លើកដំបូងរបស់គូស្នេហ៍ទាំងពីរចាប់តាំងពីពួកគេ បានចូលរួមកម្មវិធី Oscars កាលពីថ្ងៃទី២៧ ខែមីនា និងបន្ទាប់ពី Will Smith បានទះកំផ្លៀង Chris Rock លើឆាកដ៏ល្បីមួយនេះ។ តែយ៉ាងណា ប្តីប្រពន្ធមួយគូនេះត្រូវបានគេមើលឃើញថា កាន់តែមានភាពផ្អែមល្ហែម និងស្និទ្ធស្នាលជាងមុនទ្វេដង។

បើតាមការចេញផ្សាយរបស់សារៈព័ត៌មាន Yahoo បានឲ្យដឹងថា ចាប់តាំងពីពេលនោះមក ប្ដីប្រពន្ធមួយគូនេះកាន់តែមានសុភមង្គល និងស្និទ្ធស្នាលជាងមុន។ ជាពិសេសតារាសម្ដែង Will Smith នៅ តែមានក្ដីសុខដោយបានចំណាយពេលយ៉ាងច្រើន ជាមួយនឹងភរិយាបណ្ដូលចិត្តរបស់ខ្លួន ទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈប្រភពពី People ថែមទាំងបានចែករំលែកទៀតថា រូបលោកពិតជាសប្បាយចិត្ត ព្រោះតែភរិយារបស់តារាប្រុសរូបនេះ តែងតែគាំទ្រដល់រូបលោកអស់ពីចិត្ត ក៏ដូចជាបានគាំទ្រគ្នាទៅវិញទៅមក។ ម៉្យាងវិញទៀត ប្រភពមួយនេះ ក៏បានលើកឡើងថា លោក Will Smith ក៏បានយល់ដឹងយ៉ាងច្រើនផងដែរ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ៕