(ភ្នំពេញ)៖ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានទទួលពានរង្វាន់ Gold Stevie® Award ជាសហគ្រិនឆ្នើមប្រចាំឆ្នាំ ក្នុងប្រភេទសម្ព័ន្ធក្រុមហ៊ុនពហុផលិតផល ដ៏ធំមួយជាលើកទី២ នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអន្តរជាតិប្រចាំឆ្នាំលើកទី១៩ ដែលជាកម្មវិធីពានរង្វាន់ដ៏មានកិត្យានុភាព។

បន្ថែមពីនេះ ក្រុមហ៊ុន ក៏បានឈ្នះពានរង្វាន់ Bronze Stevie® Awards ក្នុងប្រភេទក្រុមហ៊ុនប្រចាំឆ្នាំ និងក្នុងប្រភេទ សាជីវកម្មដែលមានការទទួលខុសត្រូវសង្គមបំផុត ឆ្លើយតបទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ ផងដែរ។ ហើយគ្រុប ក៏បានទទួលកំណត់ត្រាឈ្នះពានរង្វាន់ចំនួន១០ ជាប់ៗគ្នាក្នុងឆ្នាំនេះ។

អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាសហគ្រិនកម្ពុជាមួយរូប គឺជាស្ថាបនិកនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា រួមជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធនានា របស់ខ្លួនក្នុងការផ្ដោតសំខាន់ទៅលើវិស័យស្នូលសំខាន់ៗចំនួន៣ ដែលរួមមាន ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ការផ្ដល់ជូនសេវាកម្មហរិញ្ញវត្ថុ និងការបម្រើសេវាអតិថិជន។

ជាមួយគ្នានេះ លោកក៏ជាស្ថាបនិកនៃ មូលនិធិព្រីនស៍ ដែលជាមូលនិធិសាជីវកម្មដីល្បីមួយដែលបានផ្តួចផ្ដើមនូវសកម្មភាពសង្គមនានា ក្នុងការរួមចំណែកលើកកម្ពស់ការអប់រំ ការថែទាំសុខភាព និងការចូលរួមក្នុងសហគមន៍តាមរយៈភាពជាដៃគូជាមួយវិស័យសាធារណៈ និងឯកជន។

បើតាមគណកម្មការនៃកម្មវិធី បានឲ្យដឹងថា «អ្នកឧកញ៉ា ចេន ហ្ស៊ី បានចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមនៅកម្ពុជា ដោយលោកបានប្រមូលផ្តុំថ្នាក់ដឹកនាំមកពីវិស័យផ្សេងៗជាច្រើន ក្នុងការជួយអភិវឌ្ឍន៍ សហគមន៍ តាមរយៈការផ្តល់ជូននូវលំនៅដ្ឋានដែលមានតម្លៃសមរម្យ ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ សកម្មភាពសប្បុរសធម៌ ការសិក្សាអប់រំ និងការផ្តល់ឱកាសការងារ ដល់ក្មេងៗជំនាន់ក្រោយ»

សូមបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ទៅលើគម្រោងផ្សេងៗនៅប្រទេសកម្ពុជា។

សម្ព័ន្ធក្រុមហ៊ុន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅកម្ពុជា ក្នុងការកាត់បន្ថយឲ្យមានការរំខានដល់អាជីវកម្មតិចតួចបំផុត សម្រាប់ការបញ្ចប់គម្រោងផ្សារទំនើប លំនៅដ្ឋាន និងពាណិជ្ជកម្មឲ្យបានទាន់ពេលវេលានៅទូទាំងប្រទេសកម្ពុជា ទោះបីមានវិបត្តិនៃជំងឺរាតត្បាតក៏ដោយ៕