(ភ្នំពេញ)៖ នៅថ្ងៃ១៨ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយក្រុមហ៊ុន AEON Cambodia និងសាកលវិទ្យាល័យកសិកម្មចំការដូង រៀបចំសិក្ខាសាលាស្ដីពីការណែនាំអាជីពការងារ និងវិជ្ជាជីវៈ ដោយក្នុងនោះក្រុមហ៊ុន AEON Cambodia នឹងជ្រើសរើសបុគ្គលិកជាច្រើនរូបក្នុងទីតាំងនៃសាកលវិទ្យាល័យកសិកម្មចំការដូង។

បើតាមលោក ស្រី សំឆៃយ៉ា អ្នកគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុម AEON Cambodia បានចាត់ទុកការរៀបចំសិក្ខាសាលានេះ គឺពិតជាបានរួមចំណែក ក្នុងការជួយ ដល់អ្នកស្វែងរកការងារធ្វើឲ្យបានដឹងពីឱកាសការងារ ពិសេសណែនាំពីអាជីពដល់ប្អូនៗនិស្សិត។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ មិនត្រឹមតែជួយឲ្យពួកគាត់ ទទួលបានព័ត៌មាន ការងារប៉ុណ្ណោះទេ តែពួកគាត់បានទទួលការបណ្តុះបណ្តាលពីការរៀបចំសរសេរប្រវត្តិរូបសង្ខេប (CV) និងវគ្គជំនាញទន់ផងដែរ។

លោកសង្ឃឹមយ៉ាងមុតមាំថា កិច្ចចូលរូមសហការជាមួយ NEA នេះ នឹងរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការ របស់ស្ថាប័ន និងថែមទាំងចូលរួមចំណែកជួយសិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារអោយមានកាសជួបសម្ភាសន៍ការងារផ្ទាល់។ លោកបន្តថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានដើរតួរយ៉ាងសំខាន់ក្នុងការរៀបចំទំនាក់ទំនងផ្សព្វផ្សាយ និងផ្តល់ប្រឹក្សាដល់ក្រុមហ៊ុន ក៏ដូចជាសិស្សនិស្សិត និងអ្នកស្វែងរកការងារ ឱ្យមានភាព ងាយស្រួលក្នុងការចូលរួមកម្មវិធី។

លោក ស្រី សំឆៃយ៉ា ក៏បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារជាតិមុខរបរ និងការងារ និងសន្យាបន្តកិច្ចសហការជាមួយគ្នាឱ្យកាន់តែប្រសើរឡើង និងជឿជាក់ថាក្រុម ការងារ NEA នឹងផ្សព្វផ្សាយពីការផ្តល់ការងារជាច្រើនរបស់ AEON ជូនដល់យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារ រួមទាំងការបន្តសហការ ជាដៃគូជាមួយ សកលវិទ្យាល័យ វិទ្យាស្ថាន និងមជ្ឈមណ្ឌលបណ្ដុះបណ្តាលនានាក្នុងការជំរុញ និងលើកទឹកចិត្តដល់សិស្សនិស្សិតឱ្យមានភាពក្លាហាន និងទំនុកចិត្តក្នុងការដាក់ពាក្យ និងមកចូលរួមសម្ភាសន៍ការងារ។

កម្មវិធីកិច្ចសម្ភាសការងារនេះនឹងត្រូវបានរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួង សុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕