(សៀងហៃ)៖ ថ្មីៗនេះទទួលបានដំណឹងថា ក្រុមហ៊ុន BOE Technology Group Co Ltd ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ការផលិតរបស់ Apple កំពុងជួបបញ្ហាមួយចំនួននៅក្នុងប្រតិបត្តិការរបស់ខ្លួនក្នុងខេត្ត Sichuan ប្រទេសចិន ដោយសារតែមានការបែងចែកបណ្តាញថាមពល ដែលធ្វើឱ្យដាច់ចរន្តអគ្គិសនីក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

បើតាមប្រភពពីរបាយការណ៍បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុន BOE ផ្ទាល់កំពុងតែព្យាយាមទំនាក់ទំនងជាមួយអាជ្ញាធរ ហើយរំពឹងថានឹង «មិនមានផលប៉ះពាល់អ្វីធំដុំឡើយនៅលើដំណើរការប្រតិបត្តិការទាំងមូលរបស់ខ្លួន»។ ខណៈដែល BOE កំពុងតែព្រួយបារម្មអំពីរោងចក្រនោះ ដោយបានបញ្ជាក់បន្ថែមថា ខ្លួនកំពុងតែធ្វើការនៅលើខ្សែផលិតកម្មចំនួន ៤ដែលផលិតអេក្រង់សម្រាប់ Hardware ក្នុងតំបន់ពោលគឺ ខ្សែផលិតកម្ម ២គឺសម្រាប់ផលិតអេក្រង់ LCD និងខ្សែផលិតកម្ម ២ទៀតសម្រាប់អេក្រង់ AMOLED ដើម្បីយកទៅផ្គត់ផ្គង់ក្រុមហ៊ុនផ្សេងៗ ជាពិសេសនោះគឺ Apple។

គួរបញ្ជាក់ដែរថា បញ្ហាដែលកំពុងកើតឡើងនេះគឺបណ្តាលមកពីរលកកំដៅដែលបានកើនឡើងខ្ពស់ជាកំណត់ត្រានៅក្នុងខេត្ត Sichuan បានបង្ខំឱ្យអាជ្ញាធរត្រូវតែអនុវត្តការបែងចែកចរន្តអគ្គិសនីនៅក្នុងទីក្រុងជាច្រើន ដែលបណ្តាលឱ្យក្រុមហ៊ុនធំៗ មួយចំនួនកាត់បន្ថយការផលិតជាបន្តបន្ទាប់ ខណៈក្រុមហ៊ុនមួយចំនួនទៀតប្រកាសផ្អាកការផលិតតែម្តង៕