(ភ្នំពេញ)៖ ក្រុមអគ្គិសនីកម្ពុជា និងកោះកុងអេហ្វស៊ី បានដឹកដៃគ្នាឡើងវគ្គ ៨ក្រុមចុងក្រោយ (១/៤ផ្ដាច់ព្រ័ត្រ) នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup)-ថ្នាក់ជាតិ លើកទី១៦ ឆ្នាំ២០២២ បន្ទាប់ពីទម្លាក់ក្រុមលីគកំពូលកម្ពុជា (CPL) ដោយលទ្ធផល ៤-៣ ដូចគ្នា ក្រោយបញ្ចប់ការប្រកួតជើងទី២ នៅល្ងាចថ្ងៃទី១៧ ខែសីហានេះ។

សម្រាប់អគ្គិសនីកម្ពុជា បានទម្លាក់ក្រុមគិរីវង់ ដោយលទ្ធផលសរុបទាំង ២ជើង ៤-៣ បន្ទាប់ពីប្រកួតជើងទី២ នៅល្ងាចថ្ងៃពុធនេះ ក្រុមទាំងពីរបានត្រឹមស្មើគ្នា ១-១ នៅកីឡដ្ឋានគិរីវង់។ ជំនួបកាត់សេចក្ដីនេះ កីឡាករ ចន្ថា ចន្ទាកា បានស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន នៅនាទី៧០ មុនគិរីវង់ រកបានគ្រាប់តាមស្មើវិញ ១-១ នៅនាទី៨៣ ដោយកីឡាករ លី មស្លីម។ តែលទ្ធផលនេះ ធ្វើឲ្យក្រុមលីគកំពូល គិរីវង់ បានត្រឹមខកចិត្តប៉ុណ្ណោះ បន្ទាប់ពីជើងទី១ ពួកគេបានចាញ់ក្រុមកំពូលតារាងលីគទី២ អគ្គិសនីកម្ពុជា ៣-២។

ចំណែកក្រុមកោះកុង គឺបានទម្លាក់ក្រុមអង្គរថាយហ្គឺរ ដោយលទ្ធផលសរុបទាំង ២ជើង ៤-៣ ដូចគ្នា បន្ទាប់ពីពួកគេ បានវាយបកឈ្នះក្រុមលីគកំពូល អង្គរថាយហ្គឺរ ៣-១ ក្នុងជំនួបជើងទី២ នៅល្ងាចថ្ងៃពុធនេះ។ ៣គ្រាប់ ដែលជួយឲ្យកោះកុង បញ្ចប់ឱកាសអង្គរថាយហ្គឺរ ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ធ្វើសម្រេចដោយកីឡាករ សារៃ តៃម៉ូ ២គ្រាប់ និង សាន បូរ៉ា ១គ្រាប់។ រីឯអង្គរថាយហ្គឺរ បានត្រឹមខកបំណង ទោះបីពួកគេ បានយកឈ្នះកោះកុង ២-១ កាលពីជើងទី១ ក៏ដោយ ក្រោយរកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ ក្នុងជំនួបកាត់សេចក្ដីនេះ។

ជាមួយការដឹកដៃគ្នាឡើងវគ្គ ១/៤ផ្ដាច់ព្រ័ត្រ របស់ក្រុមឈរលេខរៀងទី១ និងលេខរៀងទី២ នៃក្របខណ្ឌលីគទី២ កម្ពុជានេះ សម្រាប់ក្រុមអគ្គិសនីកម្ពុជា នឹងត្រូវឡើងទៅជួបក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង គ្រាដែលក្រុមកោះកុង នឹងត្រូវជួបក្រុមបឹងកេត។ ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នឹងធ្វើឡើងចំនួន ២ជើងដូចគ្នា ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយជើងទី១ គ្រោងប្រកួតនាថ្ងៃទី២៤ ខែសីហា និងជើងទី២ គ្រោងប្រកួតនាថ្ងៃទី៣១ ខែសីហាខាងមុខ៕