(ឡុងដ៍)៖ ក្លិបបាល់ទាត់ West Ham United បានចុះកិច្ចសន្យាជាមួយខ្សែការពារ Thilo Kehrer មកពីក្លិប Paris St Germain រយៈពេល ៤ឆ្នាំ។ នេះបើតាមការឲ្យដឹងពីក្លិបដែលលេងនៅ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
ព័ត៌មានលម្អិតស្តីពីហិរញ្ញវត្ថុមិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា ក្លិបញញួរធំបានចំណាយបឋមប្រមាណ ១០លានផោន (១២.០៧លានដុល្លារ) សម្រាប់ការផ្ទេរកីឡាករវ័យ ២៥ឆ្នាំដែលបានបង្ហាញខ្លួន ៣៤លើកសម្រាប់ PSG នៅគ្រប់ការប្រកួតទាំងអស់ កាលពីរដូវកាលមុន។
Kehrer មានសមត្ថភាពមិនត្រឹមតែលេងជាខ្សែការពារកណ្តាលនោះទេ ប៉ុន្តែក៏អាចលេងជាខ្សែបម្រើការពារផងដែរ។
Kehrer គឺជាកីឡាករទី ៦ហើយដែលបានចុះកិច្ចសន្យាជាមួយ West Ham បន្ទាប់ពីការទៅដល់នៃខ្សែការពារ Nayef Aguerd, អ្នកចាំទី Alphonse Areola, ខ្សែប្រយុទ្ធកណ្តាល Gianluca Scamacca, ខ្សែបម្រើស្លាប Maxwel Cornet និងខ្សែបម្រើ Flynn Downes។
West Ham កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៩ ក្នុងតារាង Premier League បន្ទាប់ពីពួកគេបានចាញ់ ២ប្រកួតបើករដូវកាលនេះ៕