(មេនឆេស្ទើ)៖ លោក Sir Jim Ratcliffe ដែលជាមហាសេដ្ឋីឈរនៅលំដាប់លេខ២ នៃប្រទេសអង់គ្លេសបច្ចុប្បន្ន ប្រកាសចង់ទិញក្លិបបាល់ទាត់អាជីព Manchester United ក្រោយពេលក្លិបមួយនេះ កំពុងរងនូវការរិះគន់ជាខ្លាំង។
បុរសវ័យ ៦៩ឆ្នាំដែលជាមហាសេដ្ឋីឈរនៅលំដាប់ទី៥៥ ពិភពលោក និងលេខ២ នៅអង់គ្លេសខាងលើនេះ មានការចាប់អារម្មណ៍ចង់ក្លាយជាម្ចាស់ក្លិបបិសាចក្រហម ក្រោយពេលទទួលដំណឹងដែលត្រូវបានចុះផ្សាយដោយ Bloomberg ថាគ្រួសាររបស់លោក Glazer មានបំណងលក់ក្លិបនៅទីក្រុង Manchester នេះចេញ ក្រោយពេលគ្រប់គ្រងតាំងពីឆ្នាំ២០០៥។
អ្នកនាំពាក្យរបស់លោក Ratcliffe បានថ្លែងប្រាប់ The Times ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «ប្រសិនបើក្លិប Manchester United លក់មែននោះ លោក Jim គឺជាបុគ្គលនាំមុខគេហើយក្នុងការក្លាយជាម្ចាស់ថ្មី។ ពួកយើងរីករាយក្នុងការពិភាក្សា ដើម្បីក្លាយជាម្ចាស់យូរអង្វែង»។
United ដែលជាអតីតម្ចាស់ជើងឯកពានអង់គ្លេស ២០សម័យកាលមកនេះ បានកំពុងឈរនៅបាតតារាង Premier League ក្រោយពេលលេងចាញ់ ២ប្រកួតជាប់គ្នាបើករដូវកាលថ្មីនេះ ស្ថិតក្រោមការបង្វឹករបស់លោក Erik ten Hag ដែលធ្វើឲ្យគ្រួសារលោក Glazer រងការរិះគន់ខ្លាំងឡើងថែមទៀត ក្នុងការវិនិយោគទិញកីឡាករថ្មីចូល បូករួមទាំងខ្សែបម្រើ Frenkie de Jong និង Cristiano Ronaldo ចង់ចាកចេញពី Old Trafford ទៀត។
ក្លិបមួយនេះបានជួបភាពត្រដាបត្រដួសជាខ្លាំង ក្រោយពេលលោក Sir Alex Ferguson ចូលនិវត្តន៍ឈប់ដឹកនាំកាលឆ្នាំ២០១៣ និងពុំបានឈ្នះពានណាមួយឡើយ គិតចាប់ពីតាំងពីឆ្នាំ២០១៧ មក និងមានអ្នកចាត់ការ ៨នាក់ផងដែរ ក្រោយពេល Ferguson ចាកចេញ។
នៅពេលថ្មីៗនេះដែរ លោក Ratcliffe ធ្លាប់បានប្រាប់ BBC Sport ផងថា គាត់នៅតែជា Fan របស់ Manchester United ដែលមានបំណងចប់ទិញក្លិបនេះជាយូរមកហើយ តែពួកគេមិនព្រមលក់៕