(បរទេស)៖ សារព័ត៌មាន Nikkei Asia រាយការណ៍ថា Apple កំពុងស្ថិតក្នុងដំណើរការផ្លាស់ប្តូរទីតាំងផលិតកម្ម Apple Watch និង Mac ទៅកាន់ប្រទេសវៀតណាមដែលជាប្រទេសមួយស្ថិតក្នុងប្រទេសអាស៊ីអាគ្នេយ៍ ហើយក៏ជាផ្នែកមួយនៃការជំរុញឱ្យកាន់តែទូលំទូលាយដើម្បីពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនឱ្យកាន់តែឈានមុខគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
យ៉ាងណាមិញរបាយការណ៍ខាងលើបានឱ្យដឹងថា ក្រុមហ៊ុនផ្គត់ផ្គង់របស់ Apple ដែលមានឈ្មោះថា Luxshare Precision Industry កំពុងចាប់ផ្តើមសាកល្បងការផលិត Apple Watch និង MacBook ជំនាន់ថ្មីនៅក្នុងប្រទេសវៀតណាម។ ដោយឡែកបើយោងតាមខ្លឹមសារដែលចេញផ្សាយដោយ Nikkei Asia បានគូសបញ្ជាក់បន្ថែមថា ប្រទេសវៀតណាមគឺជា កន្លែងសម្រាប់ផលិតផលិតផល Apple មួយចំនួនរួចទៅហើយ រួមទាំងម៉ូដែល iPad និង AirPods មួយចំនួនផងដែរ។
ទន្ទឹមនឹងការផលិត Apple Watch និង MacBook អាចនឹងផ្លាស់ទៅប្រទេសវៀតណាម របាយការណ៍នេះបាននិយាយថា Apple ក៏កំពុងគិតគូរពីសក្តានុពលនៃការផ្លាស់ប្តូរផលិតកម្ម HomePod ទៅកាន់ប្រទេសនេះផងដែរ។ គួរបញ្ជាក់ដែរថា របាយការណ៍នេះបានសង្កត់ធ្ងន់ថា ការផលិតសាកល្បងរបស់ Apple នៅលើ MacBook នៅក្នុងប្រទេសវៀតណាមទំនងជាដំណើរការយឺត ទាំងនេះក៏ដោយសារតែការរំខានទាក់ទងនឹងជំងឺរាតត្បាត COVID-19៕