(មេនឆេស្ទើ)៖ លោក Ryan Giggs បានសម្រក់ទឹកភ្នែកនៅពេលឡើងបំភ្លឺនៅតុលាការ Crown Court ដែលស្ថិតក្នុង ទីក្រុង Manchester កាលពីរាត្រីថ្ងៃពុធ និងបានបដិសេធថាមិនបានវាយមិត្តស្រីឲ្យមានរបួសបែកក្បាលនោះទេ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២ នេះថា អតីតកីឡាករក្លិប Manchester United ខាងលើនេះបានធ្វើការបដិសេធទាំងស្រុងរាល់ការចោទប្រកាន់ថាបានវាយមិត្តស្រី Kate Greville ឲ្យមានរបួសនោះទេ។

Giggs សញ្ជាតិវ៉េល វ័យ ៤៨ឆ្នាំក៏បានបដិសេធថាធ្វើទុក្ខបុកម្នេញលើរូបកាយមិត្តស្រី ដូចតាមការចោទប្រកាន់ពីប្អូនស្រីរបស់ Emma នោះដែរ ដោយលោកបានលើកឡើងថា «ខ្ញុំពិតជាតក់ស្លុតណាស់ ខ្ញុំមិនដែលធ្វើរឿងនេះពីមុនមកនោះទេ»

នៅថ្ងៃនោះដែរ តុលាការ Manchester Crown ក៏បានស្តាប់ដំណើរសាច់រឿងសារអេឡិចត្រូនិចនៅលើ IPad របស់អតីតគ្រូបង្វឹកក្រុមជម្រើសជាតិវ៉េល រហូតដល់ការផ្ទុះកំហឹងជាមួយអ្នកស្រី Greville វ័យ ៣៨ឆ្នាំ នាខែវិច្ឆិកា ឆ្នាំ២០២០ ដែលធ្វើឲ្យនាងបង្វំចិត្តចាកចេញពីសណ្ឋាគារដែលពួកគេនឹងស្នាក់នៅទាំងយប់ត្រឡប់ទៅផ្ទះវិញម្នាក់ឯងទៀតផង៕