(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសទទួលធ្វើម្ចាស់ផ្ទះការប្រកួតមិត្តភាពអន្ដរជាតិចំនួន ២ប្រកួតនាខែកញ្ញាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រវាងក្រុមជម្រើសជាតិកម្ពុជា (ក្រុមធំ) និងក្រុមជម្រើសជាតិយុវជន U23 កម្ពុជាជាមួយក្រុមភ្ញៀវបង់ក្លាសដែស និង U23 ជប៉ុន។

សម្រាប់ក្រុមយុវជន U23 កម្ពុជា នឹងត្រូវជួបក្រុម U23 ជប៉ុន នាថ្ងៃទី២០ ខែកញ្ញា ខណៈក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិបង់ក្លាដែសនាថ្ងៃទី២២ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិមរតកតេជោតែមួយគត់ បន្ទាប់ពី FFC បានយល់ព្រមទទួលសំណើរបស់សហព័ន្ធកីឡាបាល់ទាត់បង់ក្លាដែស។

ជុំវិញការប្រកួតមិត្តភាពអន្ដរជាតិរបស់ក្រុមគោព្រៃកម្ពុជាខាងលើ ផ្ដោតគោលដៅសំខាន់ ២ផ្សេងគ្នា ក្នុងនោះក្រុម U23 កម្ពុជា ផ្ដោតគោលដៅត្រៀមខ្លួនសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ គ្រាដែលក្រុមធំ ពោលគឺក្រុមជម្រើសជាតិកម្ពុជា គឺជាការត្រៀមលក្ខណៈ មុនការប្រកួតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup 2022 នាចុងឆ្នាំ២០២២ ខាងមុខ។

សូមរំឮកថា ប្រវត្តិជួបគ្នាចុងក្រោយ រវាង ២ប្រកួតខាងលើ កម្ពុជាសុទ្ធតែរងបរាជ័យ ដោយក្រុម U23 កម្ពុជា បានចាញ់ U23 ជប៉ុន ៤-០ ក្នុងជំនួបវគ្គជម្រុះពូល K នៃពានរង្វាន់ AFC U23 Asian Cup 2022 នៅទឹកដីជប៉ុនកាលពីចុងខែតុលា ឆ្នាំ២០២១។ រីឯក្រុមគោព្រៃកម្ពុជា ធ្លាប់ចាញ់បង់ក្លាដេស ១-០ ក្នុងជំនួបមិត្តភាពនៅពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក) កាលពីឆ្នាំ២០១៩៕