(អាមេរិក)៖ របាយការណ៍របស់ FBI ឆ្នាំ២០១៦ ទាក់ទងនឹងជម្លោះរវាង Angelina Jolie និង Brad Pitt នៅលើយន្តហោះឯកជនមួយ ដែលត្រូវបានស្នើសុំនៅក្នុង FOIA កាលពីដើមឆ្នាំនេះ ត្រូវបានគេហទំព័រព័ត៌មាន PEOPLE ចុះផ្សាយនាពេលថ្មីៗនេះ។

ក្រោមឈ្មោះ «Jane Doe» តារាហូលីវូដ Jolie អាយុ ៤៧ ឆ្នាំបានស្នើសុំឯកសាររបស់ FBI អំពីឧប្បត្តិហេតុលើយន្តហោះឆ្នាំ២០១៦ ដើម្បីបង្ហាញឲ្យមហាជនបានដឹង នៅក្រោមច្បាប់សេរីភាពព័ត៌មាន ចំពេលមានការតតាំងគ្នា កំពុងបន្តជាមួយ Pitt អាយុ៥៨ឆ្នាំ ជុំវិញបណ្តឹងលែងលះមិនទាន់ចប់សព្វគ្រប់។ បើតាមឯកសារដែល PEOPLE ទទួលបាននោះ គឺបង្ហាញ អំពីឧប្បត្តិហេតុដែលត្រូវបានចោទប្រកាន់កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ដែលបានកើតឡើងប៉ុន្មានថ្ងៃមុនពេល Jolie បានដាក់ពាក្យលែងលះ។

បើតាមឯកសារស៉ើបអង្កេតបានបង្ហាញថា Brad Pitt បានយកស្រាចាក់ស្រោច ខ្លួនប្រាណនាង ខណៈខ្លួនកំពុងគេងលង់លក់។ នាងក៏បានបញ្ជាក់ដែរថា អតីតស្វាមីបានប្រើពាក្យញុះញង់ធ្វើឱ្យកូនទាំង៦នាក់ភ័យស្លន់ស្លោជាខ្លាំង អំឡុងពេលធ្វើដំណើរពីបារាំងទៅអាមរិក ដោយយន្តហោះឯកជន ជាហេតុធ្វើឱ្យ Angelina អត់ទ្រាំលែងបានសម្រេចចិត្តដាក់ពាក្យប្ដឹងតែលែងលះតែម្ដង។ Angelina Jolie ធ្លាប់បាននិយាយថាខ្លួនរងការឈឺចាប់យ៉ាងខ្លាំងពីអតីតស្វាមី Brad Pitt ដែលធ្លាប់ធ្វើបាបផ្លូវកាយ និងផ្លូវចិត្តដោយប្រើប្រាស់ពាក្យសម្ដីមិនសមរម្យជាច្រើនលើខ្លួនទាំងនៅផ្ទះ និងមិនលើកលែងសូម្បីនៅលើយន្ដហោះ។

យ៉ាងណាមិញ FBI បានបិទការស៊ើបអង្កេតរបស់ខ្លួនត្រឹមខែវិច្ឆិកានៃឆ្នាំនោះ ដោយមិនមានការចោទប្រកាន់លើលោក Pitt ឡើយ។ នៅដើមខែនោះ នាយកដ្ឋានកុមារ និងគ្រួសារនៅទីក្រុង Los Angeles (DCFS) ក៏បានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន លើឧប្បត្តិហេតុមុននេះ ដោយមិនមានការរកឃើញថា មានការរំលោភបំពានអ្វីឡើយ។ យោងតាមរបាយការណ៍របស់ FBI, Jolie បានកត់សម្គាល់ថាមាន «ភាពតានតឹង» រវាងនាងនិង Pitt ដោយអះអាងថាសកម្មភាពរបស់ Pitt នៅថ្ងៃនោះ ធ្វើឱ្យនាងមានអារម្មណ៍ថា «ដូចជាចំណាប់ខ្មាំង» នៅលើយន្តហោះ។

គួរជម្រាបថា រហូតមកទល់នឹងបច្ចុប្បន្ននេះ ការលែងលះរវាងតារាហូលីវូដល្បីឈ្មោះទាំងពីរនាក់មិនទាន់ចប់នៅឡើយទេ។ អតីតគូស្នេហ៍បានបញ្ចប់ ការបែងចែកទ្រព្យសម្បត្តិរបស់ពួករួចរាល់បន្ទាប់ពីការលែងលះ ប៉ុន្តែអចលនទ្រព្យ Chateau Miraval នៅប្រទេសបារាំងនៅតែធ្វើឱ្យអ្នកទាំងពីរតានតឹងជាមួយគ្នា៕