(ថៃ)៖ តារាសម្ដែងជើងចាស់ និងជាសិល្បករជាតិ ប្រចាំប្រទេសថៃ លោក សម្បត្តិ មេថានី (Sombat Metanee) ដែលជាសិល្បករផ្នែកសម្តែងភាពយន្ត និងរឿងភាគទូរទស្សន៍របស់ថៃនោះ ត្រូវបានរាយការណ៍មកថា បានទទួលមរណភាពក្នុងវ័យ ៨៥ឆ្នាំ នៅឯគេហដ្ឋានក្នុងទីក្រុងបាងកក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

មិត្តស្និទ្ធស្នាល និងជាសិល្បករជាតិ Suda Chuenban អាយុ ៧៧ឆ្នាំ ជាតារាចម្រៀង និងជាតារាសម្ដែងជើងចាស់ ដែលបានស្គាល់ តារាសម្តែង Sombat Methane បានបង្ហោះព័ត៌មានអំពីការស្លាប់របស់តារារូបនេះ លើគណនីហ្វេសប៊ុករបស់លោកស្រី ដោយបាននិយាយថា លោក Methane បានស្លាប់នៅផ្ទះរបស់លោក ក្នុងវ័យ៨៤ឆ្នាំ នៅពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា នៅពេលដែលលោក Sombat មិនក្រោកពីដំណេកនៅម៉ោងធម្មតាដូចរាល់ដង គ្រួសាររបស់លោកក៏បានទៅដាស់ ប៉ុន្តែស្រាប់តែបានឃើញលោកបាត់បង់ជីវិតទៅហើយ ខណៈបច្ចុប្បន្នសពរបស់តារាជើងចាស់រូបនេះ បានតម្កល់នៅវត្ត Phra Sri Mahathat Woramahawihan ក្រុង Bang Khen។

គួរជម្រាបថា តារាភាពយន្តជើងចាស់របស់ថៃ លោក សម្បត្តិ មេថានី កើតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៣៧ មានអាយុ ៨៤ឆ្នាំ ជាសិល្បករប្រទេសថៃ។ លោកជាសិល្បករផ្នែកសម្តែងភាពយន្ត និងរឿងភាគទូរទស្សន៍របស់ថៃ ខណៈកាលក្នុងអំឡុងឆ្នាំ២០១៦ ក្នុងនាមជាអ្នកដឹកនាំរឿង លោកក៏ធ្លាប់ទទួលពានរង្វាន់ Entertainment Critics Association Awards។ លើសពីនេះលោកក៏ជាប់ឈ្មោះក្នុងសៀវភៅកំណត់ត្រា Guinness Records ផងដែរ ក្នុងនាម ជាតារាសម្តែងដែលសម្តែងច្រើនជាងគេបំផុតក្នុងពិភពលោក ដោយបានសម្ដែងក្នុងរឿងចំនួន ៦១៧រឿងឯណោះ៕