(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំសហការីជួបពិភាក្សាការងារ និងចុះបង្ហាញពីការគ្រប់គ្រងធនធានធម្មជាតិ និងសហគមន៍នៅក្នុងតំបន់អង្គរ ជាមួយគណៈប្រតិភូក្រសួងការបរទេស និងពាណិជ្ជកម្ម មន្រ្តីទូត និងអ្នកជំនាញមកពីប្រទេសនូវែលសេឡង់ ដើម្បីបន្តកិច្ចសហការលើគម្រោងដំណាក់ថ្មីក្រោយវិបត្តិកូវីត-១៩។

ការចុះទៅកាន់កន្លែងគ្រប់គ្រងធនធានធម្មជាតិ និងសហគមន៍នៅក្នុងតំបន់អង្គរនេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី៤-១២ ខែសីហា ឆ្នាំ២០២២។

គម្រោងនេះមានសារៈប្រយោជន៍ខ្លាំងណាស់ សម្រាប់ជួយឱ្យការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តសម័យបុរាណកាន់តែមានប្រសិទ្ធភាព ដើម្បីបញ្ចៀសទឹកជំនន់ក្នុងតំបន់សៀមរាប-អង្គរ ការទាញអត្ថប្រយោជន៍ពីធនធានធម្មជាតិដើម្បីអភិវឌ្ឍន៍សហគមន៍ និងការកសាងសមត្ថភាពនិងធនធានមនុស្សជាដើម។

សូមរំលឹកថា ប្រទេសនូវែលសេឡង់បានមកសិក្សារួមគ្នាជាមួយអាជ្ញាធរជាតិអប្សរាលើគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍន៍សហគមន៍នៅក្នុងតំបន់អង្គរ រហូតឈានដល់ការគាំទ្រក្នុងការអនុវត្តគម្រោងជាបន្តបន្ទាប់ ដោយបានបែងចែកជាបីដំណាក់កាល។

ដំណាក់កាលទី១ (២០០៩-២០១០)៖ ជាគម្រោងសាកល្បងដែលមានឈ្មោះថា កម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍ ដែលហៅកាត់ថា APNRM&L (Angkor Participatory Natural Resource Management & Livelihoods)។

ដំណាក់កាលទី២ (២០១១-២០១៣)៖ កម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍ ដែលហៅកាត់ថា APNRM&L (Angkor Participatory Natural Resource Management & Livelihoods)។

ដំណាក់កាលទី៣ (២០១៤-២០១៩)៖ គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរ ដែលហៅកាត់ថា ACHA (Angkor Community Heritage and Economic Advancement)៕