(ភ្នំពេញ)៖ លោក ឌួង ឆាយ អគ្គនាយកក្រុមហ៊ុន Downtown Development និងអ្នកស្រី ខុង លីស៉ីអាណា នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ បានបើកសម្ពោធការិយាល័យបុរីដោនថោន រួមជាមួយពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងបុរីដោនថោន និងផ្សារទំនើបដោនថោន ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវ២០០៤ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោកអភិបាល ឃួង ស្រេង។

លោកអគ្គនាយក ឌួង ឆាយ បានឱ្យដឹងថា ការបើកការដ្ឋានសាងសង់គម្រោងបុរីដោនថោននេះនឹងមានការសាងសង់ផ្ទះបុរី ផ្ទះអាជីវកម្ម ផ្សារទំនើប ភូមិគ្រឹះ វីឡាភ្លោះ វីឡាឃ្វីន នៅលើផ្ទៃដីសរុប៣ហិកតា ស្ថិតតាមបណ្ដោយមហាវិថី២០០៤ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាទីតាំងដ៏ល្អសម្រាប់អថិតិជន។

លោកអគ្គនាយកបានបន្តថា ក្នុងកិច្ចការសាងសង់បុរីដោនថោននេះ គឺមានការគិតគូររៀបចំយ៉ាងហ្មត់ចង់ស្របតាមស្ដង់ដាអន្តរជាតិ ដែលធានាបាននូវគុណភាព សោភ័ណភាព ភាពស៉ីវិល័យ មិនចាញ់បណ្ដាប្រទេសដទៃឡើយ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនលោកក៏ធានាលើការការពារសន្តិភាព សុវត្ថិភាព ផ្ដល់ជូននូវភាពសម្បូរបែបក្នុងការរស់នៅ និងនុកចិត្តពីអតិថិជន។

ការសាងសង់បុរីនេះដែរគឺដកស្រង់បទពិសោធន៍ រចនាបទពិសេសៗដែលប្រកបដោយភាពទំនើបទៅតាមសម័យកាល ប៉ុន្តែការងារទាំងឡាយគឺរចនាដោយអ្នកជំនាញជនជាតិខ្មែរ ស្នាដៃកូនខ្មែរយ៉ាងចំណាន។

លោក ឌួង ឆាយ ក៏មានចក្ខុវិស័យពង្រីកវិស័យអភិវឌ្ឍអចលនទ្រព្យក្នុងទីក្រុង និងមានផែនការបង្កើតទីក្រុងថ្មីនាពេលអនាគត ដើម្បីអូសទាញអ្នកវិនិយោគក្រៅប្រទេសឱ្យមកវិនិយោគនៅប្រទេសកម្ពុជាលើវិស័យអចលនទ្រព្យនេះ។ គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលអនុញាតឱ្យអ្នកវិនិយោគអន្តរជាតិនៅកម្ពុជាទទួលបានទិដ្ឋការពិសេស ដោយអាចស្នាក់នៅរហូតដល់រយៈពេល១០ឆ្នាំនៅក្នុងប្រទេសកម្ពុជា ខណៈពួកគេទាំងនោះនឹងចូលរួមបន្ថែមទៀតក្នុងការអភិវឌ្ឍនៅកម្ពុជា។

លោកអគ្គនាយកបានបន្តទៀតថា ក្រុមហ៊ុន Downtown Development នៅតែបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យ ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អ្វីដែលពិសេសក្នុងថ្ងៃបើកសម្ពោធការិយាល័យបុរីដោនថោននេះ គឺមានតម្លៃពិសេសចំពោះអតិថិជនដែលជាវបុរីដោនថោននៅថ្ងៃនេះ គឺការផ្ដល់ជូននូវដំណើរកម្សាន្តនៅទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម ដោយឥតគិតថ្លៃពីលោក ឌួង ឆាយ ផ្ទាល់តែម្ដង។ សម្រាប់មួយថ្ងៃក្នុងថ្ងៃនេះដែរ ក៏មានការបញ្ចុះតម្លៃរហូតដល់ ៨% សម្រាប់អតិថិជនដែលជាវបុរី ឬលំនៅដ្ឋាន ឬផ្ទះអាជីវកម្មនៅក្នុងបុរីដោនថោន។

បើតាមការអះអាងរបស់លោក ឌួង ឆាយ ក្រុមហ៊ុន Downtown Development ផ្ដល់ជូនការធានាទិញលំនៅដ្ឋានដែលអថិតិជនបានទិញហើយតែចង់លក់វិញ គឺក្រុមហ៊ុនធានាទិញវិញ៕