(ដូហា)៖ គណៈកម្មការរៀបចំ World Cup 2022 បានលក់សំបុត្រចំនួន ២.៤៥លានសន្លឹក សម្រាប់ការចូលរួមទស្សនាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសកាតានាចុងឆ្នាំនេះ។ នេះបើតាមស្ថាប័ន FIFA បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ជាមួយនឹងចំនួនជាងកន្លះលានសន្លឹក នៃចំនួនដែលបានលក់អស់នោះ ត្រូវបានលក់ក្នុងរយៈពេលចុងក្រោយ ពោលគឺចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៦ ខែកក្កដាកន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

FIFA បានឲ្យដឹងថា ចំនួនសំបុត្រដែលត្រូវបានលក់ច្រើនជាងគេបំផុត គឺជាការប្រកួតជម្រុះក្នុងពូលដូចជា ក្រុមកាមេរ៉ូន ប៉ះប្រេស៊ីល, ប្រេស៊ីល ប៉ះសែប៊ី, ព័រទុយហ្គាល់ ប៉ះអ៊ុយរ៉ូហ្គាយ, កូស្តារីកា ប៉ះអាល្លឺម៉ង់ និងអូស្ត្រាលី ប៉ះដាណឺម៉ាកជាដើម។

«ក្រុមអ្នកគាំទ្ររស់នៅប្រទេសកាតា អារ៉ាប៊ីសាអូឌីត, សហរដ្ឋអាមេរិក, ម៉ិកស៊ិក, អារ៉ាប់រួមអេមីរ៉ាត់, អង់គ្លេស, អាហ្សង់ទីន, ប្រេស៊ីល, វែលស៍ និងអូស្ត្រាលី គឺជាអ្នកទិញសំបុត្រនាំមុខគេ» នេះបើតាម FIFA។

កាលបរិច្ឆេទចាប់ផ្តើមការលក់សំបុត្រនៅដំណាក់កាលបន្ទាប់ នឹងត្រូវប្រកាសនៅចុងខែកញ្ញាខាងមុខ, FIFA បានបន្ថែម។

សូមជម្រាបថា ព្រឹត្តិការណ៍ World Cup នឹងចាប់ផ្តើមមុន ១ថ្ងៃនៃកាលកំណត់ដំបូងជាមួយនឹងពិធីបើកនឹងធ្វើឡើងមុនពេលក្រុមម្ចាស់ផ្ទះកាតា នឹងត្រូវប្រកួតប៉ះក្រុមអេក្វាឌ័រ នៅថ្ងៃទី២០ ខែវិច្ឆិកា៕