(បរទេស)៖ តាមរយៈការលេចធ្លាយកន្លងមករំពឹងថា Apple នឹងរៀបចំព្រឹត្តិការណ៍ប្រកាសចេញ iPhone ជំនាន់ថ្មីរបស់ពួកគេក្នុងអំឡុងខែកញ្ញាខាងមុខដូចទៅនឹងរាល់ឆ្នាំអ៊ីចឹង។ មិនខុសនោះទេសម្រាប់ឆ្នាំនេះ Apple នឹងនៅតែធ្វើតាមទម្លាប់ចាស់របស់ពួកគេ ដោយរបាយការណ៍ថ្មីនេះចុះផ្សាយថា Apple គ្រោងនឹងប្រកាសចេញ iPhone 14 ជំនាន់ថ្មីនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន 9to5Mac នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

ប្រភពពីលោក Mark Gurman មកពី Bloomberg បានលើកឡើងក្នុងរបាយការណ៍ដែរបានចេញផ្សាយថា iPhone 14 ជំនាន់ថ្មីនឹងមកជាមួយការផ្លាស់ប្តូរពីម៉ូដែលជំនាន់មុន ដោយ iPhone 14 ធម្មតានឹងមានការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះ ប៉ុន្តែសម្រាប់ម៉ូដែល iPhone 14 Pro វិញនឹងមកជាមួយការរួមបញ្ចូលបច្ចេកវិទ្យាថ្មីៗជាច្រើន ជាពិសេសគឺអាប់ដេតទៅលើកាមេរ៉ា និងបន្ទះឈីប A16 ដែលអ្នកប្រើប្រាស់ទន្ទឹងរង់ចាំជាយូរ។ យ៉ាងណាមិញក្នុងនោះលោកក៏បានលើកឡើងដែរថា Apple ក៏បានផ្លាស់ប្តូរថ្ងៃចេញផ្សាយដែរ ដោយឆ្នាំមុនៗ Apple ប្រកាសចេញក្នុងអំឡុងពាក់កណ្តាលខែ តែឆ្នាំនេះត្រូវបានប្តូរមកដើមខែជំនួសវិញ។

ម្យ៉ាងវិញទៀត ព្រឹត្តិការណ៍នេះនឹងនៅតែធ្វើតាមបែបអនឡាញ នឹងមានការចាក់វីដេអូថតទុកមុន «Pre-record video» ដដែល ដោយមិនទាន់មានគម្រោងណាមួយដែលរៀបចំព្រឹត្តិការណ៍ផ្សាយបន្តផ្ទាល់នោះទេ នេះបើតាមការអះអាងរបស់លោក Gurman។

គួរជម្រាបដែរថា iPhone 14 ជំនាន់ថ្មីអាចនឹងមកសរុបចំនួន ៤ម៉ូដែលរួមមាន iPhone 14 ធម្មតាទំហំ ៦.១អ៊ីញ, iPhone 14 Max ទំហំ ៦.៧អ៊ីញ, iPhone 14 Pro ទំហំ ៦.១អ៊ីញ និង iPhone 14 Pro Max ទំហំ ៦.៧ អ៊ីញ។ ខណៈដែល iPhone mini អេក្រង់ទំហំ ៥.៤អ៊ីញនឹងមិនមានវត្តមាននោះទេ ព្រោះថាកាលពីជំនាន់ iPhone 12 និង 13 mini មិនសូវទទួលបានជោគជ័យក្នុងការលក់ដូចការរំពឹងទុកនោះឡើយ៕