(មេនឆេស្ទើ)៖ ក្លិបបាល់ទាត់ Manchester United ជិតឈានដល់កិច្ចព្រមព្រៀងទិញយកខ្សែបម្រើប្រយុទ្ធ Casemiro ពីក្លិបយក្សអេស្ប៉ាញ Real Madrid មែនទែនហើយក្នុងតម្លៃប្រមាណ ៦០លានផោន។

កីឡាករស្ថិតក្នុងក្រុមជម្រើសជាតិសាំបាប្រេស៊ីលបច្ចុប្បន្ន វ័យ ៣០ឆ្នាំខាងលើនេះ នឹងក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតមួយផងដែរ ប្រសិនបើសម្រេចចិត្តផ្ទេរមកកាន់ទឹកដី Old Trafford ដែលកំពុងស្ថិតនៅបាតតារាង Premier League ក្រោយលេងចាញ់ ២ប្រកួតជាប់គ្នាថ្ងៃបើករដូវកាលថ្មីនេះ។

ក្រុមបិសាចក្រហម Man Utd បានបង្វែការអារម្មណ៍ចង់បាន Casemiro វិញ ក្រោយពេលមិនត្រូវថ្លៃគ្នារឿងប្រាក់ពលកម្មជាមួយ Adrien Rabiot របស់ក្លិបសេះបង្កង់ Juventus រួចមក ដែលកំពុងមានកំសោយជាខ្លាំងនៅតំបន់បម្រើ ស្ថិតក្រោមការបង្វឹករបស់អ្នកចាត់ការទូទៅថ្មី លោក Erik ten Hag។

នៅចាំបានថា Casemiro បានចូលរួមជាមួយក្លិបស្ថិតនៅរដ្ឋធានីអេស្ប៉ាញ Real Madrid កាលឆ្នាំ២០១៣ ដោយបានឈ្នះពានលីគកំពូល La Liga ៣លើក និងពាន UEFA Champions League ៥លើក និងពានចុងក្រោយ UEFA Super Cup កាលពីដើមខែសីហានេះផងដែរ។

Casemiro បានចូលលេងសរុបចំនួន ២២២ប្រកួត និងរកបាន ២៤គ្រាប់ផងដែរសម្រាប់ក្រុមអធិរាជស Real Madrid ក្រៅពីធ្លាប់លេងលក្ខណៈខ្ចីជើង ១រដូវកាលផងដែរជាមួយក្លិបព័រទុយហ្គាល់ FC Porto ក្នុងឆ្នាំ២០១៤-២០១៥៕